ទោះជាមានភាពតានតឹង ប៉ុន្តែពាណិជ្ជកម្មចិន និងអាមេរិកនៅតែបន្តកើនឡើងខ្ពស់

ដោយៈ សុធារី

ចិនៈ អាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសចិនដដែលកាលពីខែវិច្ឆិកា ដោយតម្លៃពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់៧២ប៊ីលានដុល្លារ ខណៈអ្នកវិភាគបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគី អាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយ នៅឆ្នាំនេះ។ នេះបើយោងតាមកាសែត Global Times។

លោក Tian Yun សេដ្ឋវិទូនៅទីក្រុងប៉េកាំង បានប្រាប់កាសែ​ត Global Times ថា អាមេរិកត្រូវបង្កើនការនាំចូលពីប្រទេសចិន ដើម្បីបន្ធូរសម្ពាធកង្វះការផ្គត់ផ្គង់ក្នុងស្រុក។

លោកបន្ថែមថា “ប្រសិនបើមិនបង្កើនការនាំចូលទេ អតិផរណានៅអាមេរិកទំនងជាបន្តកើនឡើង”។
ទិន្នន័យស្ថាប័នគយចិនបានបង្ហាញថា ពាណិជ្ជកម្មសរុបក្នុងរយៈពេល១១ខែដំបូងក្នុងឆ្នាំនេះ រវាងប្រទេសទាំងពីរបានកើនឡើងដល់៦៨២,៣២ប៊ីលានដុល្លារ ដោយកើនឡើង៣០,២ភាគរយធៀ​បនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយលើកឡើងពីពាណិជ្ជកម្មទ្វេភាគដ៏រឹងមាំ លោក Tian បានព្យាករណ៍ថា នឹងមានតួលេខខ្ពស់ថ្មីមួយ សម្រាប់ទំហំពាណិជ្ជកម្មចិន-អាមេរិកនៅឆ្នាំ២០២១នេះ ដែលនឹងបន្តលើកើតមានរហូតដល់ឆ្នាំក្រោយ។ លោកបានប៉ាន់ប្រមាណថា អត្រាកំណើននាំចេញរបស់ចិននៅឆ្នាំ២០២២ នឹងខ្ពស់ជាងអត្រាកំណើន ឆ្នាំ២០២១ ចំនួន៥ភាគរយ។
ទោះជាយ៉ាងណា អត្រាកំណើនពាណិជ្ជកម្មទ្វេភាគី បានធ្លាក់ចុះពី៣៥,៤ភាគរយនៅខេកញ្ញា មកនៅត្រឹម ៣៣,៤ភាគរយនៅខែតុលា។

លោក Tian បានថ្លែងថា បើអាមេរិកបោះបង់ចោលពន្ធពិន័យលើផលិតផលចិន វានឹងជាវិធានការឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ ខណៈដែលវានឹងជួយបន្ធូរសម្ពាធ អតិផរណារបស់អាមេរិក ខណៈដែលចិន នឹងបង្កើនការនាំចេញរបស់ខ្លួនទៅកាន់អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here