លោកដូណាល់ ត្រាំ កៀរគរដើមទុនបាន១.០០០លានដុល្លារ ដើម្បីត្រៀមដំណើរការ App បណ្ដាញសង្គមនៅដើមឆ្នាំ២០២២

ដោយៈសុខុម

ញូវយ៉ក: ក្រុមហ៊ុន Trump Media & Technology Group របស់លោក ដូណាល់ ត្រាំ កំពុងប្រឹងប្រែងយ៉ាងស្រាក់សស្រាំ ដើម្បីត្រៀមចាប់ ផ្តើមដំណើរការកម្មវិធី ឬApp បណ្ដាញទំនាក់ទំនងសង្គមមួយ ដែលមានឈ្មោះថា Truth Social នៅដើមឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៥ ធ្នូ។

ដំណឹងនេះ កើតមានឡើងស្របពេលអតីត ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានហាមឃាត់ពីបណ្ដាញទំនាក់ទំនងសង្គម Twitter និងFacebook បន្ទាប់ពីកើតមានព្រឹត្តិការណ៍វាយប្រហារ លើវិមានរដ្ឋសភាអាមេរិក កាលពីខែមករាដើមឆ្នាំនេះ។

លោក ដូណាល់ ត្រាំ បាននិយាយអំពីការកៀរគរដើមទុនខាងលើនេះថា “១ពាន់លានដុល្លារ ផ្ញើសារដ៏សំខាន់ទៅកាន់ Big Tech (សំដៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង៤ រួមមាន Alphabet (Google), Amazon, Apple និង Meta (Facebook)) ថា ការចាប់ពិរុទ្ធ និងការរើសអើងនយោបាយត្រូវតែបញ្ចប់”។

លោកដូណាល់ ត្រាំ បានប្រកាសផែនការចាប់ផ្តើម App Truth Social កាលពីដើមឆ្នាំនេះ ដោយលោកអះអាងថា App ថ្មីនេះនឹងអនុញ្ញាតការសន្ទនា “ដោយគ្មានការរើសអើង ដោយផ្អែកលើមនោគមវិជ្ជានយោបាយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Trump Media & Technology Group បានចាប់ដៃគូសការជាមួយក្រុមហ៊ុន Digital World Acquisition លើការបណ្តាក់ទុនរួមគ្នានេះ។

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុនទាំង២បានទម្លាយឱ្យដឹងថា ខ្លួនកៀរគរដើមទុនបាន១ពាន់លានដុល្លារ ពី“ស្ថាប័នវិនិយោគចម្រុះ”​។ ទោះជាយ៉ាងណា ពួកគេមិនបានទម្លាយឱ្យដឹងថាជាក្រុមហ៊ុនអ្វីខ្លះឡើយ។
យោងតាមសេចក្ដីរាយការណ៍ឱ្យដឹងថា ពេលនេះក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមបណ្ដាក់ទុនរួមគ្នានេះ មានតម្លៃជិត៤ពាន់លានដុល្លារហើយ។

នេះសរបង្ហាញថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានសមត្ថភាពខ្ពស់ នៅក្នុងការទាក់ទាញការគាំទ្រផ្នែកហិរញ្ញវត្ថុ បើទោះ​បីជាមានភាពចម្រូងចម្រាស អំឡុងពេលលោកកាន់អំណាចក្ដី៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here