ដោយៈ សុផារី
ភ្នំពេញៈ ក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានជិត៦២ពាន់លានរៀល ពីការលក់ផ្លាកលេខពិសេស។ ក្នុងនោះ បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន៤៨០២លេខ ទទួលបានចំណូលថវិកាប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងផ្លាកលេខពិសេសរាជធានី-ខេត្តលក់បាន ២៥៣៦៤ លេខ ទទួលបានចំណូល ថវិកាប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល។
នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានលើកឡើងអំពីផែនការសកម្មភាព ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី ការលក់លេខពិសេសផ្ទាល់ខ្លួន ជាពិសេសការអញ្ជើញក្រុមហ៊ុនឱ្យធ្វើការជាមួយយើង ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងបានឯកភាពលើផែនការយុទ្ធនាការផ្សព្វផ្សាយ តាមប្រព័ន្ធ DIGITAL ការប្រារព្ធខួបពីរឆ្នាំ នៃការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស ផ្ទាល់ខ្លួន ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី នីតិវិធីនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដតាមបណ្ដារាជធានី-ខេត្ត ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីលេខពិសេសផ្ទាល់ខ្លួន(កម្ពុជា) ក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនៅតាមរាជធានី-ខេត្តផងដែរ។
លោកស្រី ក៏បានឯកភាពផងដែរលើការបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេស (Developer)ឱ្យមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT)កម្រិតខ្ពស់ផ្នែកដោះស្រាយបញ្ហា (Algorithm) និងបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ដើម្បីឱ្យកាន់ការងារលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ហើយក្រោយបញ្ចប់ការបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេសនេះ មានសមត្ថភាពអាចធ្វើការ បានកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការឆ្លើយតបនឹងទំហំការងារកាន់តែធំ ជាពិសេសអាចដោះ ស្រាយបញ្ហាប្រឈមនានាបានកាន់តែប្រសើរឡើងថែមទៀត៕