ជប៉ុនគ្រោងផ្តល់ឥណទានសម្បទានប្រមាណ១៨០លានដុល្លារដល់កម្ពុជាដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច

ដោយៈ សុធារី

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ ១៨០លានដុល្លារ) ដល់កម្ពុជា ចំពោះ “ផែនការផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ១៩”ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការបង្ហាញការស្វាគមន៍នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាននេះ គ្រោងនឹងចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រទាំងសម្ភារ: បច្ចេកទេស និងហិរញ្ញវត្ថុ ចូលរួមចំណែកស្ទើរគ្រប់វិស័យ លើកស្ទួយសុខមាលភាពសង្គម និងការអភិវឌ្ឍកម្ពុជា។ ជាក់ស្តែង, ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀតដល់ការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គម រួមមាន វិស័យសុខាភិបាល និងទឹកស្អាតជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានសម្តែង នូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម លើការជំរុញការវិនិយោគនានានៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា ស្ទើរគ្រប់វិស័យ និងចំទិសដៅ។

លោកបន្តថា “សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងអំពីតួនាទីជប៉ុន ដែលជា “ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត” ដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here