រដ្ឋមន្រ្តីពាណិជ្ជកម្មប្រគល់ពានរង្វាន់ដល់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម

ដោយៈម៉ាលីនណា

ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០២១ រៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើក និងប្រគល់ពានរង្វាន់ ក្នុងកម្មវិធីប្រកាសពានរង្វាន់សាជីវកម្ម ទទួលខុសត្រូវផ្នែកសង្គម (Corporate Social Responsibility – CSR) ឆ្នាំ២០២១ ដែលរៀបចំដោយសភាពាណិ​ជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក ថាស៊ីឡូ ប្រ៊ីនស័រ (Tassilo Brinzer) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សហគ្រិន ធុរជន និងវិនិយោគិនជាច្រើនរូបផងដែរ។

លោកប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការទទួលខុសត្រូវផ្នែកសង្គមរបស់សាជីវកម្ម ពីសំណាក់សហគ្រិនវ័យក្មេង ធុរជន មីក្រូសហគ្រាស សហគ្រាសខ្នាតមធ្យម វិនិយោគិន និងបណ្តាអ្នកពាក់ព័ន្ធនៅក្នុងសង្គមកម្ពុជា ដែលកត្តានេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងសង្គមកម្ពុជា ប្រកបដោយទំនួលខុសត្រូវ និរន្តភាព និងបរិយាប័ន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការគាំទ្រ និងលើកកម្ពស់ CSR នៅក្នុងសង្គមធុរកិច្ចនៅកម្ពុជា ជាក់ស្ដែងក្រសួងពាណិជ្ជកម្ម បានសម្រេចនូវសមិទ្ធិផលបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ក្នុងពេលថ្មីៗនេះ រួមមាន ការផ្តល់សច្ចាប័នលើច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិថ្មីៗដ៏ទៃទៀតពាក់ព័ន្ធនឹងយន្តការគាំទ្រដល់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម CSR។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានអ្នកចូលរួមបន្ថែមទៀតពីសំណាក់ សហគ្រិនជាតិ និងអន្តរជាតិ ក្នុងកិច្ចការ CSR ក៏ដូចជាការចូលរួមសហការពីដៃគូអភិវឌ្ឍន៍នានា ឱ្យបានច្រើនថែមមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here