សម្តេចតេជោៈរាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ២៣០០លានដុល្លារលើការទប់ស្កាត់កូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញ: រាជរដ្ឋាភិបាលបានបង្កើនការចំណាយរបស់ខ្លួនកាន់តែច្រើន ដើម្បីទប់ស្កាត់នឹងការរីករាលដាលកូវីដ១៩ផង និងទប់ស្កាត់ការធ្លាក់ចុះកាន់តែខ្លាំងនៃសេដ្ឋកិច្ចផង ជាក់ស្ដែងក្នុងក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការហូតដល់២៣០០លានដុល្លារអាមេរិក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីបានមានប្រ​សាសន៍ឲ្យដឹងក្នុងពិធីបើកសម្ភោធស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់ ក្រូចឆ្មារនាព្រឹកថ្ងៃទី២៣ វិច្ឆិកានេះថា កញ្ចប់ថវិកានេះ អាចយកទៅសាងសង់ស្ពានបានរហូតដល់២០ស្ពានឯណោះ។

សម្តេចបន្តថា មុនកូវីដ១៩មកដល់ កម្ពុជាមានគម្រោងសាងសង់ស្ពានជាច្រើនកន្លែង ឆ្លងកាត់ទន្លេដើម្បីឱ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ប៉ុន្តែដោយសារតែកូវីដ១៩ចូលមកដល់ កម្ពុជាត្រូវការថវិកាបន្ទាន់ដើម្បីប្រើប្រាស់ ហើយនៅក្នុងវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ប្រមាណ២៣០០លានដុល្លារអាមេរិកទៅហើយដែលធ្វើឱ្យកម្ពុជាមិនមានលទ្ធភាព ក្នុងការសាងសង់ស្ពានដូចផែនការនិងត្រូវការ ឱ្យមិត្តចិនផ្ដល់ជាជំនួយដល់យើងបន្តទៀត ជាក់ស្ដែងស្ពានស្ទឹងត្រង់ ក្រូចឆ្នានេះក៏ជាជំនួយរបស់មិត្តចិនផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចមានប្រសាសន៍ថា “យើងមានមិត្តចិនជាមិត្តដ៏ល្អ ហើយនៅពេលណាដែលមានការអភិវឌ្ឍជាចាំបាច់ ចិនតែងតែផ្ដល់អាទិភាព សម្រាប់យើង ដែលខុសប្លែកពីប្រភពទុនដទៃទៀត ខណៈយើងបាននេះ គេចង់ឱ្យនោះទៅវិញ”។

រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិ ទៅលើការងារសំខាន់ៗមួយចំនួន ក្នុងនោះមានជំនួយសង្គម សម្រាប់បើកជូនដល់ពលរដ្ឋក្រីក្រ និងពលរដ្ឋដែលងាយរងគ្រោះពីជំងឺកូវីដ១៩ បើកប្រាក់ឧបត្ថម្ភដល់បុគ្គលិកកម្មករ ដែលបានបាត់បង់ការងារនៅក្នុងវិបត្តិកូវីដ១៩ និងបញ្ចេញថវិកាសង្គ្រោះបន្ទាន់នៅតំបន់ ដែលមានការផ្ទុះជំងឺកូវីដ១៩ ។

ក្នុងរបាយការណ៍របស់ធនាគារពិភពលោកកន្លងមក ក៏បានកោតសរសើរដល់កម្ពុជាដែលបានបញ្ចេញកញ្ចប់ថវិកា ក្នុងការទប់ស្កាត់ការកើនឡើង នៃអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងទប់ស្កាត់មិនឱ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះកាន់តែខ្លាំងថែមទៀតផង។

លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានលើកឡើងកន្លងមកថា ឆ្នាំ២០២១នេះ កម្ពុជាបានចំណាយថវិកាទៅលើបញ្ហាកូវីដ១៩ច្រើនជាងឆ្នាំ២០២០ ដោយសារស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ មានការរីករាដាលកាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here