ប្រទេសឡាវទទួលបានចំណូលរាប់ពាន់លានដុល្លារពីការនាំចេញអគ្គសនីមកក​ម្ពុជា និងប្រទេសមាជិកអាស៊ានដទៃទៀត

ដោយៈសុខុម

ប្រទេសឡាវ៖ ប្រទេសឡាវ រកចំណូលបានច្រើនរហូតដល់ទៅ២.០១២លានដុល្លារអាមេរិក ពីការនាំចេញអគ្គិសនីមកកាន់ប្រទេសនានា ក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងនៅឆ្នាំ២០២១ ដោយកើនឡើង១២%បើធៀបនឹងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃទី១៨ វិច្ឆិកា។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Sonexay Siphandone បានថ្លែងទៅកាន់រដ្ឋសភាថា ប្រទេសឡាវ បាននាំចេញថាមពលអគ្គិសនីចំនួន២៦.៩៧២លានគីឡូវ៉ាត់ម៉ោង (kWh) ទៅកាន់ប្រទេសផ្សេងទៀត។

លោកបញ្ជាក់ថា ថាមពលអគ្គិសនីសរុប៧.២៥៣លានគីឡូវ៉ាត់ម៉ោង (kWh) ក៏ត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុកផងដែរ។

បច្ចុប្បន្នប្រទេសឡាវ មានប្រភពថាមពលអគ្គិសនីចំនួន៨៦ ប្រភពជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នា សរុបជាង១០.៤០០មេហ្គាវ៉ាត់ (MW) ដោយក្នុងនោះ៨០%ផលិតចេញពីទំនប់វារីអគ្គិសនី។ ប្រភពថាមពលអគ្គិសនីផ្សេងៗទៀត រួមមាន រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ជីវម៉ាស និងសូឡា (ថាមពលពន្លឺព្រះអាទិត្យ) ផងដែរ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល Daovong Phonekeo បានថ្លែងទៅកាន់រដ្ឋសភាថា រោងចក្រថាមពលអគ្គិសនីបន្ថែមទៀត កំពុងស្ថិតក្រោមដំណើរការសាងសង់ សម្រាប់ផលិតអគ្គិសនី លក់ទៅឱ្យបណ្ដាប្រទេសជិតខាង និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់អគ្គិសនី គឺជាប្រភពប្រាក់ចំណូលដ៏សំខាន់មួយ របស់ប្រទេសឡាវ ជាពិសេសតាមរយៈការលក់ទៅឱ្យប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។

ប្រទេសសិង្ហបុរី ក៏បានប្រកាសកាលពីខែកញ្ញាដែរថា ខ្លួននឹងសាកល្បងនាំចូលអគ្គិសនីពីប្រទេសឡាវ តាមរយៈប្រទេសថៃ និងប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនអគ្គិសនីសិង្ហបុរី Keppel Electric និងអគ្គិសនីឡាវ (Electricite du Laos)៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here