ក្រសួងផែនការសហការជាមួយ WB បណ្តុះបណ្តាលមន្រ្តីជំនាញលើការវិភាគនិងសម្អាតទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជា

ដោយ: សូរិយា

ភ្នំពេញ៖ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយធនាគារពិភពលោក រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការវិភាគ និងសម្អាតទិន្នន័យជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ ដល់មន្រ្តីជំនាញស្ថិតិចំនួនប្រមាណជាង ២០នាក់ ដើម្បីបន្តអនុវត្តការងារវិភាគ និងសម្អាតទិន្នន័យនៅតាមគោលដៅដែលបានកំណត់ ក្នុងគោលបំណងលើកកម្ពស់គុណភាព សម្រាប់ផ្សព្វផ្សាយអ្នកប្រើប្រាស់ទិន្នន័យដែលមានការកើនឡើងជាលំដាប់នាពេលបច្ចុប្បន្ន និងអនាគត។

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ លោក រិន វីរៈ រដ្ឋមន្រ្តីស្តីទីនៃក្រសួងផែនការ បានមានប្រសាសន៍ថា មន្រ្តីជំនាញស្ថិតិដែលទទួលការបណ្តុះបណ្តាលនេះ ត្រូវបន្តអនុវត្តធ្វើការងារជាក់ស្តែងក្នុងការងារខាងលើនេះ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ដើម្បីឲ្យការសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្សារភ្ជាប់គ្នា ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើរបស់ខ្លួនបន្ថែមទៀត។

លោកបានបន្តថា ទន្ទឹមនេះ មន្រ្តីយើងក៏ត្រូវគោរពវិន័យមានឆន្ទៈ មោះមុត សីលធម៌ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួន សិក្សារៀនសូត្រ មិនត្រូវធ្វេសប្រហែស ឬបោះបង់ចោលនូវចំណេះដឹង ចំណេះធ្វើពីអ្នកជំនាញការនោះទេ ដើម្បីយកចំណេះដឹង ចំណេះធ្វើទាំងនេះ សម្រាប់ការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិ និងថ្នាក់ក្រោមជាតិរបស់ស្ថាប័នឲ្យកាន់តែមានភាពសំបូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ឃិន សុង អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើគឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីជំនាញស្ថិតិលើមុខជំនាញវិភាគ និងសម្អាតទិន្នន័យជំរឿនសេដ្ឋកិច្ចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៍ប្រតិភូកម្មនៃប្រព័ន្ធស្ថិតិវិសហមជ្ឈការ ដើម្បីកសាងលើកកម្ពស់សមត្ថភាព គុណភាពស្ថាបន អង្គភាពវិទ្យាស្ថានជាតិស្ថិតិ និងអង្គភាពមន្ទីរផែនការរាជធានីខេត្ត ដែលធ្វើបទឧទ្ទេស ដោយអ្នកជំនាញការជាន់ខ្ពស់ មកពីធនាគារពិភពលោកប្រចាំនៅទីក្រុងវ៉ាស៊ីតោន នៃសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ស្តីពី វឌ្ឍនភាពដំណើរការអនុវត្តជំរឿនសេដ្ឋកិច្ចនៅកម្ពុជា បានឲ្យដឹងថា ការងារកែច្នៃដាក់កូដទិន្នន័យ និងការបញ្ចូលទិន្នន័យ ដែលត្រូវអនុវត្តចប់ជាស្ថាពរនៅត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដោយទទួលបានទិន្នន័យអង្គភាពសេដ្ឋកិច្ចមានប្រមាណជាង៧៥៥.០០០អង្គភាពសេដ្ឋកិច្ច។ បន្ទាប់ពីបញ្ចប់ការងារកែច្នៃដាក់កូដ និងការដាក់បញ្ចូលទិន្នន័យជំរឿន គឺត្រូវអនុវត្តការវិភាគ និងសម្អាតទិន្នន័យ សម្រាប់សសេរវិភាគរបាយការណ៍លទ្ធផល ដើម្បីប្រជុំផ្សព្វផ្សាយជូនដល់អ្នកប្រើប្រាស់ ដែលគ្រោងនឹងត្រូវផ្សព្វផ្សាយរបាយការណ៍លទ្ធផលបឋមនៅខែធ្នូខាងមុខ និងធ្វើការផ្សព្វផ្សាយទិន្នន័យលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅត្រីមាសទី២ ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here