គម្រោងវិនិយោគមណ្ឌលភស្តុភារកម្មនិងកំពង់កំពហុបំណងតម្លៃ១៣០០លានដុល្លារនឹងលើកកំពស់សក្តានុពលខេត្តកំពត

ដោយៈលក្ខិណា

ភ្នំពេញៈ ទីបំផុតគម្រោងអភិវឌ្ឍន៍មណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញវិញ្ញា​បនបត្រចុះបញ្ជីវិនិយោគជាផ្លូវការ។នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៧មករា ២០២២កន្លងទៅនេះ ។

តាមរយៈគម្រោងនេះ នឹងជំរុញឱ្យសក្ដានុពលនៃការវិនិយោគនៅក្នុងខេត្តកំពត កាន់តែមានសន្ទុះមួយកម្រិតបន្ថែមទៀត នៅពេលខាងមុខដ៏ខ្លីនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា គម្រោងវិនិយោគមណ្ឌល ភស្តុភារកម្មនិងកំពង់ផែពហុបំណងនេះ មានទុនវិយោគរហូត ដល់ជាង១៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៩០នាក់ និងជាគម្រោងដែលមានទឹកប្រាក់ដ៏ធំមួយក្នុងចំណោមគម្រោងវិនិយោគនានានៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកកែវ សុជាតិប្រធានសាខានៃក្រុមហ៊ុនKW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងថា  គម្រោងវិនិយោគកំពង់ផែពហុបំណង នៅក្នុងខេត្តកំពត វាពិតជាបានទាក់ទាញដល់ការវិនិយោគផ្សេងទៀត នៅក្នុងខេត្តកំពតជាពិសេសនៅក្នុងក្រុងបូកគោផ្ទាល់តែម្ដង ។

លោកបន្តថា “តាមពិតទៅគម្រោងនេះ ឃើញមានការចាក់ដីបំពេញជាបណ្ដើរៗហើយ ហើយក៏ឃើញថាមានគម្រោងវិនិយោគផ្សេងទៀត ចាប់ផ្ដើមបញ្ចេញសកម្មរបស់ខ្លួន ជាបន្តបន្ទាប់ជាពិសេសគម្រោងវិនិយោគឃ្លាំងស្តុកទំនិញ និងគម្រោងវិនិយោគទៅលើតំបន់សេដ្ឋកិច្ចពិសេសជាដើម”។

លោកបន្តថា នៅក្នុងពេលដំណាលគ្នា នៃការអភិវឌ្ឍលើគម្រោងកំពង់ផែពហុបំណងនៅក្នុងខេត្តកំពត គេឃើញថាអ្នកវិនិយោគ ដែលបានទិញដីទុកជាយូរមកហើយនោះ ក៏ចាប់ផ្ដើបញ្ចេញសកម្មភាពអភិវឌ្ឍន៍ គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ដែរ ដោយចាប់ផ្ដើមសាងសង់ខ្លោងទ្វារ តំបន់សេដ្ឋកិច្ច និងចាប់ផ្ដើមត្រៀមដីសម្រាប់អ្នកវិនិយោគ នៅក្នុងសេដ្ឋកិច្ចពិសេសជាដើម ។

លោកបន្ថែមថា ទន្ទឹមនឹងមានការអភិវឌ្ឍនេះដែរ តម្លៃដីធ្លីជាពិសេសនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញមានភាពល្អប្រសើរក្នុងចន្លោះពី១០០ ទៅ២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងដីខ្លះទៀតដែលចូលក្នុងបន្តិច បានន័យថានៅឆ្ងាយពីផ្លូវជាតិបន្តិច ក៏តម្លៃមានភាពប្រសើរដែរ ។

លោកសុខ គែននាយកក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ក៏បានឱ្យដឹងផងដែរថា ការបង្កើតនូវកំពង់ផែពហុបំណងនេះដែរ នឹងផ្ដល់អត្ថប្រយោជន៍ធំធេងដល់ខេត្តកំពត ក្នុងនោះគឺកម្លាំងពលកម្មរាប់តាំងពីការងារសាងសង់ រហូតដល់កំពង់ផែនេះសាងសង់រួចរាល់ ។

លោកបន្តថា តាមរយៈគម្រោងអភិវឌ្ឍន៍នេះ នឹងទាក់ទាញបន្ថែមទៀត ដល់ការវិនិយោគនៅក្នុងខេត្តកំពត ដោយវិនិយោគិននានានឹងចាប់ផ្ដើមសម្លឹងមើលទៅរក ការវិនិយោគទៅតាមជំនាញរបស់ខ្លួន ជាពិសេសការវិនិយោគ ដែលមានសក្ដានុពលនៅក្នុងមាត់ឆ្នេរសមុទ្រមួយនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here