រដ្ឋាភិបាលលើកលែងពន្ធអាករប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចពន្យារការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹងអគ្គនាយកដា្ឋនពន្ធដារ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រេចពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្ត ប្រកាសលេខ ៥៤២ សហវ.ប្រក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ស្តីពីវិធាននិងនីតិវិធីនៃការអនុវត្តអាករលើតម្លៃ បន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់លាស់ និងត្រៀមខ្លួនចូលរួមអនុវត្តប្រកាសនេះឱ្យ មានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ តទៅ។

សេចក្តីប្រកាសនេះអនុវត្តចំពោះ អ្នកជាប់ពន្ធ អនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជាណាចក្រកម្ពុជា និងអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នក ជាប់ពន្ធអនិវាសនជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការពន្យារពេលអនុវត្តនេះ អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញ ឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជា ណាចក្រកម្ពុជា ត្រូវរួសរាន់មកចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ ស្រេចបាច់ មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានមក ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬមិនបានដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារឱ្យ បានទាន់ពេលវេលា ត្រូវទទួលរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here