ប្រទេសថៃនឹង ប្រមូលថ្លៃចូលទៅក្នុងប្រទេសពីភ្ញៀវទេសចរបរទេស ចាប់ពីខែមេសាឆ្នាំ ២០២២នេះ តទៅ

ដោយ៖ សុធារី

ថៃ៖ ប្រទេសថៃនឹងប្រមូលថ្លៃចូលទៅក្នុងប្រទេសចំនួន ៣០០បាត (៩ដុល្លារអាមេរិក) ពីអ្នកទេសចរបរទេសចាប់ពីខែមេសាទៅ ដើម្បីអភិវឌ្ឍតំបន់គោលដៅ និងបង់ថ្លៃធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់ជនបរទេសដែលមិនមានលទ្ធភាពទិញដោយខ្លួនឯង។

យោងតាមប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn បានឱ្យដឹងថា ថ្លៃសេវាបន្ថែមទៅក្នុងបញ្ជីតម្រូវការសម្រាប់ភ្ញៀវទេសចរបរទេសដែលស្វែងរកការចូលទៅក្នុងប្រទេសថៃ ដែលរួមមានការបង់ប្រាក់ជាមុនសម្រាប់ការធ្វើតេស្តជំងឺកូវីដ-១៩ ការស្នាក់នៅសណ្ឋាគារ ឬការធ្វើចត្តាឡីស័ក និងការធានារ៉ាប់រងជាមួយនឹងការធានារ៉ាប់រងទៅលើការព្យាបាលជំងឺកូវីដ-១៩ ដែលមានតម្លៃយ៉ាងហោចណាស់៥ម៉ឺនដុល្លារអាមេរិក។ លោកបាននិយាយបន្ថែមថា ថវិកានេះក៏នឹងត្រូវប្រើប្រាស់ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បាននិយាយថា តម្លៃថ្មីនេះនឹងត្រូវកំណត់ជាមួយនឹងតម្លៃសំបុត្រយន្តហោះ និងជាផ្នែកមួយនៃផែនការទេសចរណ៍ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសថៃរំពឹងថានឹងមានភ្ញៀវបរទេសពី៥លាន ទៅ១៥លាននាក់នៅក្នុងឆ្នាំនេះ ដោយអាស្រ័យទៅលើគោលនយោបាយដែលមាននៅក្នុងទីផ្សារទេសចរណ៍សំខាន់ៗរបស់ខ្លួន។

លោកបានបន្តថា ភ្ញៀវទេសចរបរទេសត្រូវបានគេរំពឹងថានឹងអាចរកចំណូលដល់ប្រទេសបាន២៣,៩៧ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ។

ប្រទេសថៃដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះនៃវិស័យទេសចរណ៍ដែលបណ្តាលមកពីជំងឺរាតត្បាត ដោយមានអ្នកចូលទៅក្នុងប្រទេសនេះប្រមាណតែ ២សែននាក់ប៉ុណ្ណោះកាលពីឆ្នាំមុន បើធៀបទៅនឹងចំនួនប្រមាណជិត៤០លាននាក់កាលពីក្នុងឆ្នាំ២០១៩។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើឱ្យវិស័យដែលមានភាពស្មុគស្មាញដោយការរីករាលដាលជាសកលយ៉ាងលឿននៃវីរុសបម្លែងថ្មីអូមីក្រុងមានសកម្មភាពឡើងវិញ។ កាលពីថ្ងៃទី៧ ខែមករា ប្រទេសថៃបានពន្យារពេលដោយគ្មានកំណត់នូវគម្រោង “Test & Go” សម្រាប់អ្នកទេសចរតាមជើងហោះហើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here