សេដ្ឋវិទូ៖ ប្រជាជនកម្ពុជាគួរសាទរចំពោះការមកដល់នៃជនជាតិចិនក្នុងប្រទេស

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្នុងមួយឆ្នាំៗ លំហូរជនជាតិចិនជាច្រើនបានចេញពីប្រទេសរបស់ខ្លួនទៅកម្សាន្តនិងវិនិយោគ នៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ យ៉ាងណាក្ដី វត្តមានជនជាតិចិននៅក្នុងប្រទេសក៏ធ្វើឱ្យប្រជាជនកម្ពុជាមួយចំនួនបង្ហាញការមិនពេញចិត្តនឹងទង្វើមួយផ្នែកតូចរបស់ជនជាតិនេះផងដែរ។ សេដ្ឋវិទូមួយរូបបានបង្ហាញទស្សនៈថា ប្រជាជនកម្ពុជាគួរសាទរចំពោះវត្តមានជនជាតិចិននៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសជិតខាងកម្ពុជាក៏កំពុងទាក់ទាញជនជាតិចិនចូលប្រទេសខ្លួនដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រទេសជិតខាងកម្ពុជា ដូចជាវៀតណាម និងថៃជាដើម គេបានទាក់ទាញភ្ញៀវចិនចូលប្រទេសរបស់គេកាន់តែច្រើន។

លោកថា ”វៀតណាមជាដៃគូជម្លោះរបស់ចិន ប៉ុន្តែវៀតណាមនៅតែស្វាគមន៍ភ្ញៀវចិនចូលប្រទេស ដោយក្នុងមួយឆ្នាំមានភ្ញៀវចិនប្រមាណ៦លាននាក់ចូលទៅវៀតណាម។ ក្នុងប្រទេសថៃ មានភ្ញៀវចិនចូលទៅកម្សាន្តប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ ចំណែកកម្ពុជាវិញ ហេតុអ្វីក៏ប្រជាជនមួយចំនួនមិនទទួលស្វាគមន៍និងរិះគន់ពីវត្តមានជនជាតិចិននៅកម្ពុជាទៅវិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ភ្ញៀវទេសចរចិនគឺជាភ្ញៀវដែលចាយលុយច្រើន ដូច្នេះយើងគួរតែទទួលស្គាល់និងសាទរចំពោះភ្ញៀវដែលចាយលុយច្រើននៅកម្ពុជា។ ចិន៤នាក់ក្នុងមួយយប់ចាយអស់១០០០ដុល្លារ ខណៈភ្ញៀវទេសចរអន្តរជាតិផ្សេងទៀតចាយ៤ដុល្លារអាមេរិក ដោយផឹកស្រាបៀរម្នាក់១កំប៉ុង។ ត្រង់ចំណុចនេះ យើងគួរគិតថាគួរទទួលភ្ញៀវចិនចូលមកកាន់តែច្រើន ឬក៏ស្វាគមន៍ភ្ញៀវដែលចូលមកហើយចាយលុយរិះថាំ។

លោកបន្ថែមថា តាមរយៈកំណើនភ្ញៀវទេសចរ ជាពិសេសទេសចរចិននេះដែរ នឹងបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ ទាំងនេះគឺជាភាពវៃឆ្លាតមួយដែលយើងអាចដើរទៅមុខដោយខ្លួនឯង បង្កើតប្រាក់ចំណូលដោយខ្លួន និងមិនពឹងលើសេដ្ឋកិច្ចរបស់ចិនតាមរយៈការនាំចេញឡើយ។ ប្រទេសណាដែលផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជា កម្ពុជាស្វាគមន៍និងបើកចំហឱ្យពួកគេចូលមកវិនិយោគ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាការកត់សម្គាល់ មុនវិបត្តិកូវីដ១៩ ភ្ញៀវទេសចរចិនចូលកម្ពុជាមានចំនួនរហូតដល់ជាង១លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែពេលមានស្ថានភាពកូវីដ១៩ ភ្ញៀវទេសចរចិនបានធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងនោះកាលពីឆ្នាំ២០២០ភ្ញៀវទេសចរចិនមកដល់កម្ពុជាមានចំនួនជាង៣២ម៉ឺននាក់ ហើយឆ្នាំ២០២១មានជាង៤ម៉ឺននាក់ប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here