សម្តេចតេជោអំពាវនាវដល់គូស្វាមីដែលលែងលះគ្នា ឱ្យបញ្ឈប់ហែកហួរកេរ្តិ៍គ្នាតាមហ្វេសប៊ុក

ដោយ៖ សុធារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអំពាវនាវគូស្រករ ដែលបានចែកផ្លូវគ្នា គួរតែបញ្ឈប់ទង្វើអសីលធម៌ ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម Facebook គួរទុកកិត្តិយសឱ្យគ្នាទៅវិញទៅមក ជាពិសេសកិត្តិយសកូនៗ។

ការថ្លែងអំពាវនាវរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់ នៅអេស្ប៉ាញ ដែលរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមករា នេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា “ខ្ញុំអង្វរករចំពោះក្មួយៗ ការក្រឡេកឃើញវាគួរឲ្យស្រណោះ ឲ្យគួរតែត្រូវបានបញ្ឈប់ នៅពេលដែលស្រឡាញ់គ្នាអត់បញ្ហា ដល់ពេលលែងលះគ្នា ស្រាប់តែបង្ហោះ Facebook ជេរគ្នាពេញទឹក ពេញដី។ ឥឡូវយើងឃើញច្រើនគូណាស់ នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីការបែកបាក់ហើយជេរគ្នា។ ខ្ញុំស្នើសុំ តើទុកកិត្តិយសឱ្យគ្នាបានទេ ហោចណាស់ធ្លាប់ស្រឡាញ់គ្នា បន្ថែមលើនោះតើកិត្តិយសកូនរបស់យើងទៅជាយ៉ាងណា? ពេលឈ្លោះគ្នាគេមើលងាយ ហើយអនាគតគេមើលងាយកូន”។

សម្តេចតេជោបញ្ជាក់ថា ការឈ្លោះហែកកេរ្តិ៍គ្នារបស់ឪពុកម្តាយ ធ្វើឱ្យប៉ះពាល់អារម្មណ៍កូនយ៉ាងធ្ងន់ធ្ងរ រួមទាំងការសិក្សាផងដែរ ដូច្នេះបើគូស្រករណាមានបញ្ហាចែកផ្លូវគ្នា គួរតែត្រូវចែកផ្លូវគ្នាដោយស្ងាត់ស្ងៀម និងទុកកិត្តិយសរាប់អានគ្នា។ សម្តេចបានថ្លែងថានេះ គឺជាការអប់រំរបស់សម្តេច ដែលមានបទពិសោធន៍៤៦ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា សុខសុភមង្គលរបស់គូស្រករនីមួយៗ មិនសំខាន់លើការរៀបចំពិធីធំតូចនោះទេ។ អ្នករៀបពិធីត្រឹមសែន តែរួមរស់គ្នាដល់ចាស់ គូខ្លះរៀបចំពិធីធំដុំ តែរួមរស់នឹងគ្នាបន្តិចក៏បែកទៅវិញ ហើយថែមទាំងជេរគ្នាទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here