ភ្ញៀវទេសចចរណ៍ជាតិ អន្តរជាតិជាង២លាននាក់បានដើរកំសាន្តថ្ងៃបុណ្យឆ្លងឆ្នាំសកល និងចុងសប្តាហ៍

ដោយៈ គង់ សិរីម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល៣ថ្ងៃនៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងចំនួន២ ០០២ ២៩៨នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,៨៦៩នាក់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្ថិតិប្រចាំថ្ងៃរួមមាន៖

* ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (យប់ឆ្លងឆ្នាំ)៖ មានភ្ញៀវសរុបចំនួន ១.១៤៥.១៤១ នាក់
* ថ្ងៃទី១ ខែមករា ឆ្នាំ២០២២៖ មានភ្ញៀវសរុបចំនួន ៥៦៥.០២៩ នាក់
* ថ្ងៃទី២ ខែមករា ឆ្នាំ២០២២៖ មានភ្ញៀវសរុបចំនួន ២៩២.១២៨ នាក់

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះរួមមាន៖
* រាជធានីភ្នំពេញ ៦០៨ ៨៥៥នាក់
* ខេត្តសៀមរាប ២៨៧ ៨៣៧នាក់
* ខេត្តព្រះសីហនុ ១៥៦ ៧៥៣នាក់
* ខេត្តកំពត ១៥០ ៦០១នាក់
* ខេត្តបាត់ដំបង ១២២ ០៣៧នាក់
* ខេត្តកែប ១១៤ ២២២នាក់
* ខេត្តកំពង់ស្ពឺ ១០២ ៣៨១នាក់

លោករដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃនេះ មានចំនួនច្រើនលើសពីការរំពឹងទុក ដោយមានការកើនឡើងប្រមាណ៧៤.២៤% ធៀបនឹងឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ក្រៅពីគោលដៅទេសចរណ៍ និងរមណីយដ្ឋានសំខាន់ៗ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដើរកម្សាន្តមិនឆ្ងាយពីគេហដ្ឋាន ជាលក្ខណៈក្រុមគ្រួសារ និងមិត្តភ័ក្ត ដើម្បីជួបជុំញាំអាហារ នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន និងកន្លែងដែលមានការរៀបចំកែច្នៃជាក្ចុស និងកន្លែងអង្គុយជាដើម។

លោក ថោង ខុនបន្ថែមថា គោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស បានទទួលចរន្តភ្ញៀវទេសចរច្រើនកុះកុរ ដោយ សាររាជរដ្ឋាភិបាល បានបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកមួយចំនួន បានរៀបចំជាព្រឹត្តិការណ៍អបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ និងបាញ់កាំជ្រួចជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជា នៅខេត្តសៀមរាប បានរៀបចំកម្មវិធីបុណ្យភូមិសៀមរាប និងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរជាដើម។

លោករដ្ឋមន្ត្រីលើយឡើងទៀតថា “ចំពោះភ្ញៀវទេសចរ យើងសង្កេតឃើញជារួមថា ពួកគាត់មានរីករាយ និងហាក់មានអារម្មណ៍កាន់តែធូរស្រា​លក្នុងចិត្ត ក្នុងការដើរកម្សាន្តបានពេលលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំង បានពេញលេញ និងស្ថានភាពទូទៅកំពុងត្រឡប់ ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ

លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងបងប្អូនដែលរកទទួលទាន ក្នុងវិស័យទេសចរណ៍ ក៏សំដែងនូវក្តីរីករាយ និងសុទិដ្ឋិនិយម ចំពោះចរន្តភ្ញៀវនាឱកាសឆ្លងឆ្នាំសាកលនេះ ពិសេសសម្រាប់ការចាប់ផ្តើមឆ្នាំ២០២២នេះ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍កាន់តែច្រើន បានដំណើរការឡើងវិញ រាប់តាំងពីសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងការីទេសចរណ៍ជាដើម ស្របពេលដែលបុគ្គ​លិកបម្រើការ សុទ្ធតែទទួលបានការចាក់វ៉ាក់សាំង ពេញលេញតាមការកំណត់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here