លោក វេង សាខុន៖ កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅតែជាបញ្ហាប្រឈម

ដោយ៖ សុផារី

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ផ្នែសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត។

លោកបានលើកឡើងក្នុង ពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) នៅក្នុងស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម សមាគមចុងភៅ សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ សម្ព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនបច្ចេកទេសប្រព័ន្ធស្រោចស្រព្វ និងវិស័យធនាគារ គម្រោងគាំទ្រជាដៃគូ (Harvest II, ASPIRE, Chain, BFP, AIMS, CAVAC) អ្នកបោះដុំ និងអ្នកលក់រាយតាមផ្សារទំនើប មន្រ្តីជំនាញ បងប្អូនតំណាងកសិករដាំបន្លែនៅទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វេង សាខុន បានគាំទ្រនិងលើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម ជាពិសេសនៅក្នុងខ្សែច្រវាក់តម្លៃដំណាំបន្លែសុវត្ថិភាព ដើម្បីជំរុញផលិតកម្មមួយនេះ ឱ្យបានកាន់តែរីកចម្រើនសំដៅឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក ដោយត្រូវជំរុញឲ្យអនុវត្ត CamGAP និង CamOrg។

ឧកញ៉ា ហ៊ុន ឡាក់ នាយកក្រុមហ៊ុនត្រូភីខេម ហ្វ៊ុត អេន វេជីថេប៊ិល ឯ.ក បានមានប្រសាសន៍ថា មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងខ្សែច្រវាក់ផលិតកម្មប្រើប្រាស់ដីទំហំ៦ហិកតា នៅក្នុងបរិវេណស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក បានបោះទុនវិនិយោគជា៣ដំណាក់កាល ទី១- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្លូវ ទឹក អគ្គិសនី ទី២- ការសាងសង់ និងដំឡើងផ្ទះសំណាញ់ ថ្នាលបណ្តុះ កូនបន្លែ និងប្រតិបត្តិការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និង ទី៣- ការសាងសង់ទីតាំងលាងសម្អាត វេចខ្ចប់ និងរក្សាទុកបន្លែក្នុងទូត្រជាក់។

មជ្ឈមណ្ឌលនេះមានតួនាទី ៖

១- ជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងចាប់ដៃគូជាមួយកសិករ សហគមន៍កសិកម្ម និងបណ្ដុំក្រុមផលិត តាមរយៈកិច្ចសន្យាកសិកម្ម ដោយក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្ម និងបច្ចេកទេស ព្រមទាំងប្រមូលទិញបន្លែទាំងអស់ត្រឡប់មកវិញ

២- ធ្វើការលាងសម្អាត វេចខ្ចប់ រក្សាទុកបន្លែដែលប្រមូលបានទាំងនៅក្នុងមជ្ឈមណ្ឌល និងតាមកិច្ចសន្យាកសិកម្មជាមួយកសិករគោលដៅតាមខេត្ត

៣- ដឹកជញ្ជូនបន្លែសុវត្ថិភាព តាមរថយន្តត្រជាក់ ដាក់តាមផ្សារទំនើបតូច-ធំ និងគេហដ្ឋាន

៤- ធ្វើផែនការទីផ្សារជាក់លាក់ ផ្សារភ្ជាប់ជាមួយផ្សារទំនើប ម៉ាតតូចៗ និងទីផ្សារទៀត

៥- ប្រែក្លាយមជ្ឈមណ្ឌលនេះជា កន្លែងបង្ហាញ ពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសទំនើប បែបពាណិជ្ជកម្មដល់សាធារណជន ជាពិសេសភាគីពាក់ព័ន្ធនឹងអនុវិស័យបន្លែ និង

៦- រៀបចំផែនការបង្កើតផ្សារបោះ ដុំនៅកម្ពុជា បន្ទាប់ពីបន្លែសុវត្ថិភាពមានគុណភាព និងបរិមាណគ្រប់គ្រាន់បំពេញតម្រូវការក្នុងស្រុក ព្រមទាំងទទួលបានការគាំទ្រ ពីអតិថិជនតាមការបញ្ជាក់ទទួលស្គាល់ជាបន្លែសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here