កម្ពុជាមាន SMEs ជាង ៥៣ម៉ឺន ខណៈវិស័យនេះបានរងគ្រោះខ្លាំង

ដោយៈម៉ាលីនណា

ភ្នំពេញៈ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា មានប្រមាណ៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម នៅក្នុងឆ្នាំ ២០២១ ប៉ុន្តែមានសហគ្រាសមួយចំនួន ក៏បានបិទទ្វារដោយសារវិបត្តិកូវីដ១៩។

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ក្នុងចំណោមសហគ្រាសជាង៥៣ម៉ឺននេះ សហគ្រាសដែលបានចុះបញ្ជីមានតែជាង៤ម៉ឺនសហគ្រាសប៉ុណ្ណោះ។

លោកបន្តថា នៅក្នុងវិបត្តិកូវី-១៩ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រងផលប៉ះពាល់ធ្ងន់ធ្ងរ ពិសេសសហគ្រាសក្នុងវិស័យទេសចរណ៍។ ក្រៅពីវិបត្តិកូវីដនេះ លំហូរចូលនៃទំនិញពីក្រៅប្រទេស ក៏ជាមូលហេតុធ្វើឲ្យវិស័យ SMEs នៅក្នុងស្រុកជួបការលំបាក ក្នុងដំណើរសង្វាក់ផលិតកម្មផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាតែ តាំងប៉បានបន្តថា ក្នុងទិដ្ឋភាពជាក់ស្តែងអំពីពិធីបុណ្យទន្លេ និងបុណ្យសមុទ្រ គឺមានផលិតផលបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដាក់តាំងពិព័រណ៍លក់យ៉ាងគគ្រឹកគគ្រេង ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុក។

លោកបន្តថា “មានផលិតផលបរទេសជាច្រើន ដែលដាក់លក់ក្នុងពិព័រណ៍ផុតកាលកំណត់ តែកែថ្ងៃខែផលិតលក់ក្នុងតម្លៃធូរថ្លៃ ប្រជែងជាមួយផលិតផលក្នុងស្រុក ដូច្នេះមិនអាចលក់ឈ្នះគេឡើយ”។

រាជរដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា២៥០លានដុល្លារ តាមរយៈធនាគារ SMEs Bank ដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងកម្រិតការប្រាក់ទាប នៅឆ្នាំ២០២២ខាងមុខនេះ។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម មិនអាចទទួលបានកម្ចី ក្នុងអត្រាការប្រាក់ទាបនេះទេ ដោយសារភាគច្រើននៃ SMEs ជាប់បំណុលធនាគារ ដែលមានការប្រាក់ខ្ពស់រួចទៅហើយ ដូច្នេះមិនអាចទទួលបានកម្ចី ដែលមានការប្រាក់ទាបរបស់ធនាគារ SMEs នេះឡើយ។

ចំណែកលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពី “យុទ្ធសាស្ត្រស្តារ និងជំរុញកំនើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” កាលពីពេលថ្មីៗនេះថា ធនាគារ SMEs មានកម្មវិធីកម្ចីប្រាក់ចំនួន៣ ក្នុងនោះ ទី១ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានថ្នាក់ដឹកនាំជាស្រ្តី គឺទទួលបានការប្រាក់ទាប៥,៥%, ទី២គឺសម្រាប់វិស័យឌីជីថល ក៏ទទួលបានកម្ចីដែលមានការប្រាក់ទាប និងទី៣ វិស័យនៅក្នុងអទិភាព ដូចជា វិស័យកសិឧស្សាហកម្មជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here