រដ្ឋាភិបាលនឹងពង្រឹងសក្ដានុពលចន្ទល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្រោយពីរងគ្រោះក្នុងវិបត្តិកូវីដ១៩អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ កម្ពុជាចាប់ផ្ដើមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដោយនឹងពង្រឹងសក្ដានុពលចន្ទល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន និងចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការសកលនិងតំបន់ ដើម្បីលើកកម្ពស់ចីរភាពកំណើន និងកសាងភាពធន់រឹងមាំនៃសង្គមសេដ្ឋកិច្ច។

នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលស្ដីពីការដាក់ឱ្យដំណើរការនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣។

នៅក្នុងសេចក្ដីសម្រេចនោះ បានឱ្យដឹងថា ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩ ប្រកបដោយភាពស្វាហាប់ និងភាពបត់បែន ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីបុរេសកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្ត្រគន្លឹះគួបផ្សំនឹងវិធានការ៣ទៀត រួមមាន ១.ការទប់ស្កាត់និងរុករកការឆ្លងឱ្យបានទាន់ពេល ២. ការពង្រឹងសមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាំព្យាបាលប្រកបដោយស័ក្ដិសិទ្ធិភាព និង៣. ការអនុវត្តដោយហ្មត់ចត់ នូវវិធានការរដ្ឋបាល សុខាភិបាល និងអប់រំជាពិសេសការជំរុញការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនពីគ្រប់មជ្ឈដ្ឋាននិងគ្រប់រូប។

នៅក្នុងផ្នែកសង្គម សេដ្ឋកិច្ច រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ ចំនួន១០ជុំសំដៅជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករ និយោជិត និងគ្រួសារក្រីក្រ ព្រមទាំងជនងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ១៩។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការបើកប្រទេស បើកសង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញគឺជាមធ្យោបាយ ដែលជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញ ហើយវិធានការនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ជាតិនិងអន្តរជាតិផងដែរ។

ជាការកត់សម្គាល់ក្រោយការប្រកាសបើកប្រទេសភ្លាមៗ សកម្មភាពអាជីវកម្មតូចៗក៏ចាប់ផ្ដើមកម្រើកភ្លាមៗដែរ ដែលនាំមកនូវឱកាសការងារប្រាក់ចំណូលដល់អ្នកដែលបាត់បង់ការងារនិងប្រាក់ចំណូលក្នុងវិបត្តិនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here