ការនាំចេញនាំចូលផលិតផលកសិកម្មវៀតណាមកម្ពុជាសម្រេចបានជាង៧ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១១ខែឆ្នាំ២០២១

ដោយ៖ សុផារី

ភ្នំពេញ៖ ទំហំនិងជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ នាំចូលផលិតផលកសិកម្មនៃប្រទេសទាំងពីរ ដោយក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០២១នេះ សម្រេចបានជាង៧ពាន់លានដុល្លារអាមេរិក ក្នុងនោះវៀតណាមបាននាំចូលផលិតផលកសិកម្មរហូតដល់ ៣,៧៣ ពាន់លានដុល្លារអាមេរិក ហើយការនាំចេញផលិតផលកសិកម្មវៀតណាមមកកម្ពុជាបានសរុប ៣,៣២ ពាន់លានដុល្លារអាមេរិក។

នេះបើតាមការបញ្ជាក់របស់លោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបជាមួយលោក វេង សាខុន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពង្រឹងនិងពង្រីកឲ្យកាន់តែល្អប្រសើរលើកិច្ចសហប្រតិបត្តិការលើការងារបច្ចេកទេសរវាងក្រសួងទាំងពីរលើអនុវិស័យកសិកម្មពាក់ព័ន្ធនឹងអនាម័យ និងភូតគាមអនាម័យ (SPS) ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរឈើនិងសត្វព្រៃឆ្លងដែនខុសច្បាប់ក្នុងអនុវិស័យព្រៃឈើ ការទប់ស្កាត់ចរាចរសត្វ ជំងឺឆ្លងសត្វនិងចត្តាឡីស័កសត្វ ការងារសហប្រតិបត្តិលើការងារកៅស៊ូ និងគម្រោងឧបត្ថម្ភគាំទ្របច្ចេកទេសនៃការធ្វើវារីវប្បកម្មនៃអនុវិស័យជលផល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វេង សាខុនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនបាន និងកំពុងបោះទុនវិនិយោគទាំងការងារដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជាប្រកប់ដោយគុណភាព និងស្តង់ដារ ហើយប្រទេសវៀតណាមក៏ជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជានាំចេញកសិផល ដូចជាស្រូវ ដំឡូងមីស្រស់និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូ។ល។

លោកបញ្ជាក់ថា ទាំងអស់នេះបានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព និងជាពិសេសបានចូលរួមបង្កើតការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា។ លោកមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមនាពេលនេះ កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះនឹងត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា ដូចជា ឯកសារអនុស្សារណៈនៃការយោគយល់គ្នាទាក់ទងនឹងអនាម័យ និងភូតគាមអនាម័យ (SPS) កិច្ចសហការលើអនុវិស័យព្រៃឈើ ការងារគ្រប់គ្រងចរាចរសត្វ និងការទប់ស្គាត់ចរាចរសត្វខុសច្បាប់ ពង្រឹងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់បទល្មើសជលផលឆ្លងដែនសមុទ្រ អនុស្សារណៈនៃការយោគយល់គ្នាលើអនុវិស័យកៅស៊ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here