ស្ថាប័ន IMF ព្រមានពីហានិភ័យអត្រាការប្រាក់ ខណៈបំណុលពិភពលោកឡើងខ្ពស់រហូតដល់២២៦ទ្រីលានដុល្លារអាមេរិក

ដោយ៖ សុខុម

វ៉ាស៊ីនតោន: ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ធ្នូ ថា បំណុលរបស់ពិភពលោកបានកើនឡើងខ្ពស់រហូតដល់២២៦ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដែលជាកំណើនខ្ពស់បំផុតប្រចាំឆ្នាំមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២មក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ នេះ។

ស្ថាប័នអន្តរជាតិមួយនេះបានព្រមានថា វាពិតជាមានហានិភ័យខ្ពស់ណាស់ ប្រសិនបើអត្រាការប្រាក់ពិភពលោកកើនឡើងលឿនលើសការរំពឹងទុក ខណៈកំណើនសេដ្ឋកិច្ចបង្អង់ល្បឿន។

ក្រុមមន្ត្រី IMF លើកឡើងថា វិបត្តិរីករាលដាលវីរុសកូវីដ-១៩ បានរុញច្រានឱ្យបំណុលកើនឡើងខ្ពស់រហូតដល់២៥៦%នៃផលិតផលសរុប (GDP) របស់ពិភពលោកក្នុងឆ្នាំ២០២០ ដោយកើនឡើង២៨ពិន្ទុ។

ស្ថាប័ននេះបានបញ្ជាក់ថា ការខ្ចីបុលរបស់រដ្ឋាភិបាលគ្របដណ្ដប់តិចជាងពាក់កណ្តាលនៃបំណុលដែលកើនឡើង២៨ទ្រីលានដុល្លារអាមេរិក ប៉ុន្តែបំណុលឯកជនក្នុងចំណោមក្រុមហ៊ុនសាជីវកម្ម និងបំណុលគ្រួសារក៏បានហក់ឡើងខ្ពស់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងមហាយក្សចិន គ្របដណ្ដប់រហូតដល់ទៅ៩០%នៃ បំណុលដែលកើនឡើងនេះដោយសារអត្រាការប្រាក់ទាប។ ស្ថាប័ន IMF និយាយថា បំណុលបានកើនឡើងតិចជាងគេនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត នោះដោយសារតែអត្រាការប្រាក់ខ្ពស់ជាង និងការទទួលបានហិរញ្ញប្បទានមានកម្រិត។

លោក Vitor Gaspar នាយកផ្នែកកិច្ចការសារពើពន្ធនៃស្ថាប័ន IMF និងមន្ត្រីផ្សេងៗទៀតបានលើកឡើងថា អត្រាការប្រាក់កាន់តែខ្ពស់នឹងកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនូវការចំណាយសារពើពន្ធ ប៉ុន្តែវានឹងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីនិរន្តរភាពបំណុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here