រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រ៣ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ និងបន្តគោលនយោបាយគាំពារដល់អ្នកប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធ

ដោយ៖សុផារី

ភ្នំពេញ៖ ក្នុងពិធីសន្និសីទកាសែតមួយកាលពីព្រឹកថ្ងៃអង្គារទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញពីគោលនយោបាយនៃការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងក្របខណ្ឌយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ និងបន្តគោលនយោបាយគាំពារដល់អ្នកប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធ។

វិស័យសំខាន់ៗចំនួន៤ ត្រូវបានលើកយកធ្វើជាអាទិភាពនៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ ដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម វិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យកម្មន្តសាល (មិនមែនកាត់ដេរ) ជាសសរស្តមនៃយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី នៃបរិបទក្នុងការរៀនរស់នៅជាមួយកូវីដ-១៩។

លោក ផាន់ ផល្លា បានឱ្យដឹងថា “វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម” រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការស្តារឡើងវិញនូវការផ្តល់ហិរញ្ញប្បទាន ការលើកទឹកចិត្តសារពើពន្ធ ការបើកចំហរទីផ្សារ ការបន្តកម្មវិធីផ្តល់សាច់ប្រាក់ដើម្បីពលកម្ម និងការរៀបចំគោលនយោបាយផ្សេងៗ។ ចំណែកវិស័យទេសចរណ៍ រាជរដ្ឋាភិបាលនឹងផ្តល់នូវហិរញ្ញប្បទាន ការលើកលែងពន្ធ ការអនុគ្រោះ លើការយកកម្រៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាដើម។ បន្ថែមលើនេះ ក្រសួងនឹងជំរុញការអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបពីឆ្នាំ២០២១-២០២៥ ផងដែរ។

លោកបានគូសបញ្ជាក់ថា ដើម្បីគាំទ្រនូវការអនុវត្ត «ក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីគោលនយោបាយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច» រាជរដ្ឋាភិបាលកម្ពុជា ត្រៀមយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចនូវគោលនយោបាយធំៗចំនួន៣រួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ តាមរយៈការជំរុញកំណើនវិស័យសំខាន់ៗ ដែលជាចន្ទល់សេដ្ឋកិច្ចមុនវិបត្តិនៃជំងឺកូវីដ-១៩ ឲ្យវិលទៅស្ថិតលើមាគ៌ានៃកំណើនឡើងវិញ ខណៈជំរុញបន្ថែមនូវវិស័យដែលមានសក្កានុពល។

២. ការកែទម្រង់ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្ម និងភាពប្រកួតប្រជែង តាមរយៈការបន្តដាក់ចេញនូវវិធានការកែទម្រង់សំខាន់ៗដូចជារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម សម្រាប់ការវិនិយោគនិងធុរកិច្ច ក៏ដូចជាការទាញប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់។

ទី៣. ការពង្រឹងភាពធន់ តាមរយៈការត្រៀមខ្លួន និងការឆ្លើយតប ដើម្បីធានាបាននូវចីរភាព និងបរិយាប័ន្ន នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការទប់ទល់នឹងជំងឺ ឬវិបត្តិស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត។

ទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលដល់ពលរដ្ឋក្រីក្រមានមុខរបរក្រៅប្រព័ន្ធ ដែលកំពុងរងផលប៉ះពាល់ ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់លើការស្តារសេដ្ឋកិច្ចពលរដ្ឋក្រីក្រទាំងនោះ តាមរយៈការផ្តល់នូវគោលនយោបាយជាសាច់ប្រាក់ ដែលមានការបែងចែកជាពីរប្រភេទ គឺពលរដ្ឋដែលមានប័ណ្ណក្រីក្រកម្រិត១ និងក្រីក្រកម្រិត២ ក៏ដូចជាការកាត់បន្ថយការយកពន្ធទៅលើមុខទំនិញមួយចំនួន ដែលបង្កផលប៉ះពាល់ទៅដល់ពលរដ្ឋមានមុខរបរក្រៅប្រព័ន្ធទាំងនោះផងដែរ។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឲ្យមានការអភិវឌ្ឍវិស័យសហគ្រាសធន់តូច និងមធ្យម ក្នុងស្រុកបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ អភិវឌ្ឍខ្លួនឈានឡើងមួយកម្រិតទៀត ក្នុងការពង្រឹង និងទប់លំនឹងសេដ្ឋកិច្ចទាំងនៅក្នុង និងក្រោយនៃវិបត្តិជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here