ជប៉ុនផ្តល់ជំនួយសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង២២លានដុល្លារ នៅខេត្តពោធិ៍សាត់

ដោយ៖ សុធារី

ពោធិ៍សាត់៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២១,៩លានដុល្លារអាមេរិក សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់ ដើម្បីបង្កើនការទទួលបានទឹកស្អាត ធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកប្រកបដោយស្ថិរភាព និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ទាំងមូល។

ការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ ក្រោមវត្តមានលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងកាលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះធ្វើឡើងផ្តោតសំខាន់លើផ្នែកធំៗចំនួន៣ រួមមាន៖

១. សាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ សាងសង់អគាររដ្ឋបាល ដំឡើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨,៣ គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង ៧៥,៤គីឡូម៉ែត្រ។

២. ធ្វើលទ្ធកម្មសម្ភារៈមន្ទីរពិសោធន៍សម្រាប់ការវិភាគគុណភាពទឹក ឧបករណ៍ប្រើប្រាស់សម្រាប់គ្រឿងអគ្គិសនី ម៉ាស៊ីន និងមេកានិច សម្ភារ និងបរិក្ខារសម្រាប់ការតបណ្តាញចូលផ្ទះ រួមទាំងគ្រួសារក្រីក្រ ព្រមទាំងប្រព័ន្ធគ្រប់គ្រងគណនេយ្យ។

៣. ផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងបរិក្ខារដែលបានសាងសង់ និងការគ្រប់គ្រងផលិតកម្ម។

លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា “យើងត្រូវរួមគ្នាខិតខំសម្រេចឱ្យបាននូវគោលនយោបាយទឹកស្អាតរបស់សម្តេចតេជោ និងប្តេជ្ញាអនុវត្តទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ ប្រជាជនរស់នៅតាមទីក្រុង និងទីប្រជុំជន នឹងទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត៩០% ដល់ឆ្នាំ២០២៣ និង១០០% ក្នុងឆ្នាំ២០២៥ខាងមុខ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាផលិតកម្ម និងសេវាកម្មនានា រយៈការអភិវឌ្ឍពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងឯកជន។”

លោកបានបន្តថា គម្រោងនេះនឹងជួយពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់បន្ថែម ដល់អង្គភាពរដ្ឋាករទឹកខេត្តពោធិ៍សាត់ ចំនួន៦,៦០០ម៉ែតគូប ក្នុងមួយថ្ងៃ បន្ថែមពីលើសមត្ថភាពផលិតដែលមានស្រាប់នាពេលបច្ចុប្បន្ន និងបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងពោធិ៍សាត់ ប្រមាណ៨៦% ក្រោយពេលបញ្ចប់គម្រោង។

លោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា គម្រោងនេះ គឺជាហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់ចំនួន ២,៤ប៊ីលានយ៉េន ស្មើប្រមាណ២២,២លានដុល្លារអាមេរិក។

លោកបានមានប្រសាសន៍ថា ប្រទេសជប៉ុនបាននឹងកំពុងមានកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជាលើច្រើនវិស័យ ហើយលោកជឿជាក់ថាកិច្ចសហប្រតិបត្តិការរបស់យើងទាំងអស់ បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

នេះជាគម្រោងហិរញ្ញប្បទានឥតសំណងទី២ហើយ ដែលជប៉ុនបានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់ បន្ថែមលើគម្រោងទី១ ក្នុងឆ្នាំ២០១៤។ គម្រោងនេះត្រូវចាប់អនុវត្តពីខែសីហា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅដំណាច់ខែសីហាឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here