ក្រសួងសាធារណការចាប់យានយន្តលើសទម្ងន់កំណត់បានជាង៧សែនគ្រឿង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១

ដោយ៖ សុធារី

ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១។

យោងតាមរបាយការណ៍នៃការអនុវត្តន៍ការងារក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ទទួលបានលទ្ធផល ដូចជា យានយន្តត្រួតពិនិត្យសរុបចំនួន ២ ៣៣៤ ៣៧១ គ្រឿង ។ យានយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៧៣៩ ៥៣៨ គ្រឿង ស្មើនឹង៣១.៦៨% និងយានយន្តលើសទម្ងន់កម្រិត កណត់ ដែលបានពិន័យមានចំនួន២ ៨០៣គ្រឿង។ ក្នុងនោះចាប់ពីថ្ងៃទី១៨ ខែតុលា រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារបន្តឃាត់ យានយន្តដឹកលើសទម្ងន់កម្រិតកំណត់លើសពី២០% ដែលឃាត់ទុកមួយឆ្នាំមានចំនួន៤៨គ្រឿង បន្ទាប់ពីគោរពតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតដោះលែងយានយន្ត ចំនួន២២៩គ្រឿង កាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ការដ្ឋានអាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ រណ្តៅដី និង សាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការ យ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។

ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការ លើកលែងឡើយ។ ក្រុមការងារនឹងបន្តដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV Camera) និងជញ្ជីងស្វ័យប្រវត្តិ (AI and Weigh in Motion Sensor) នៅតាមស្ថានីយមួយចំនួន ដើម្បីតាមដាន និងត្រួតពិនិត្យលើការអនុវត្តន៍ការងាររបស់មន្រ្តីប្រចាំការនៅតាមស្ថានីយជញ្ជីង។

របាយការណ៍បញ្ជាក់ថា ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសមានការអភិវឌ្ឍន៍ និងរីកចម្រើនច្រើន និងជាតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី ចំនួន ០២ គឺនៅតាមបណ្តោយ ផ្លូវជាតិលេខ ៣៣ ក្នុងខេត្តកែប និងផ្លូវជាតិលេខ៦២ ក្នុងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងថ្មីបន្ថែមទៀត នៅខេត្ត មណ្ឌលគិរី និងខេត្តកោះកុង ក្នុងផែនការឆ្នាំ២០២២ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here