ប្រធាន YEAC លើកឡើងពីបញ្ហាប្រឈមរបស់ SME លើបញ្ហាសេដ្ឋកិច្ចសកល

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យវិស័យទាំងអស់រងផលប៉ះពាល់ទៅលើអាជីវកម្ម ជាពិសេសបានធ្វើឱ្យជួបប្រទះនឹងលំហូរសាច់ប្រាក់ ក្នុងខណៈមានផលិតផលតែមិនអាចរកទីផ្សារ ឬលក់ចេញបាន។
ដូច្នេះសហគ្រិនក្នុងវិស័យ SEM ត្រូវការជួយពីស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីគាំទ្រដល់ដំណើរការអាជីវកម្ម ។

លោកស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានមានប្រសាសន៍ថា បើសិនជាក្នុងដំណើរការសេដ្ឋកិច្ចជាធម្មតា SME ទាំងអស់ប្រហែលជាមិនស្វះស្វែងរកការជួយជាពិសេសនោះទេ ប៉ុន្តែដោយសារតែយើងស្ថិតនៅក្នុងកាលៈទេសៈ​ មិនធម្មតា ដូច្នេះហើយ SME ភាគច្រើនរង់ចាំយន្តការជួយពិសេស ។

លោកបន្តថា “នៅក្នុងវិបត្តិកូវីដ១៩នេះ គ្រប់វិស័យគឺមានផលប៉ះពាល់ទាំងអស់ ដោយសារតែវាជាជំងឺសកល មិនមែនជាជំងឺ ឬក៏វិបត្តិសង្គមរបស់ប្រទេសណាមួយឡើយ”។លោកបន្តថា “ជារួមគឺជាជំងឺសកល ដូច្នេះផលប៉ះពាល់មានគ្រប់ៗគ្នា គ្រាន់តែអ្នកខ្លះប៉ះពាល់តិច និងខ្លាំងទៀតប៉ះពាល់ធ្ងន់ធ្ងរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ាង សុបញ្ញាបានបន្តថា ក្នុងចំណោមវិស័យទាំងអស់ ដែលប៉ះពាល់យើងឃើញថា វាមានផលប៉ះពាល់លើវិស័យសំខាន់ចំនួន៤ រួមមានវិស័យ កសិកម្មវិស័យទេស​ចរណ៍ វិស័យសំណង់ និងវិស័យវាយនភ័ណ្ឌនិងកាត់ដេរ។

លោកស្រីឌិត នីតា អគ្គនាយិកានៃគ្រឹះស្ថានហិរញ្ញវត្ថុ Camma បានឱ្យដឹងផងដែរថា គ្រឹះស្ថានរបស់លោកស្រី បានបន្តបញ្ចេញទុនជាបន្តបន្ទាប់ ដើម្បីជួយដល់វិស័យSME នៅកម្ពុជានៅក្នុងវិបត្តិកូវីដ១៩ និងទទួលបានការគាំទ្រពីសហគ្រិន ក្នុងវិស័យSMEជាបន្តបន្ទាប់ ។ កាលពីឆ្នាំមុនយើងបានបញ្ចេញទុនម្ដងហើយ ហើយក្នុងរយៈពេលតែពីរបីខែទុនដែលបានត្រៀម​​ ក៏បញ្ចេញអស់ហើយសម្រាប់ឆ្នាំនេះ យើងក៏បានត្រៀមទុនរួចជាស្រេ​ចតែទំហំទុនរបស់យើង ក៏មិនច្រើនប៉ុន្មានដែរ ដើម្បីជួយដល់វិស័យ SME ដែលរងផលប៉ះពាល់ពីកូវីដ១៩។

ដោយឡែកបណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏បានមានប្រសាសន៍ផងដែរថា ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ និងលើកកម្ពស់អាជីវកម្មឡើងវិញទី១ សហគ្រិនទាំងអស់ ត្រូវពង្រឹងសមត្ថភាពស្មារតីឡើងវិញ នៅក្នុងវិបត្តិកូវីដ១៩នេះ ទី២ ចូលរួមជាមួយភាគីពាក់ព័ន្ធមិនថា រដ្ឋាភិបាលនិងសហគ្រិនដូចគ្នា ទី៣ ត្រូវបើកទូលា​យនូវកិច្ចសហការ និងចូលរួមនូវការសហការពីគ្រប់ភាគី ទី៤ បញ្ហាធំបំផុតត្រូវការអភិវឌ្ឍន៍ខ្លួន ហើយប្រទេសនៅលើពិភពលោកទាំងអស់ ទោះបីជាមានកម្រិតណា ក៏គេនៅតែបន្តអភិវឌ្ឍន៍ខ្លួន ដែលការអភិវឌ្ឍខ្លួននេះ គឺត្រូវធ្វើឡើងឥតឈប់ឥតឈរទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here