បើ​គ្មាន​ឱកាស​ទិញ​ដី​នៅ​កណ្តាល​ក្រុង តើ​គួរ​ចំណាយលុយ​ទិញ​ដីធ្លី​នៅ​តំបន់​ណា?

ភ្នំពេញៈ វិស័យ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ស្ថិតក្នុង​ភាពនឹងនរ​វិញ​ដោយសារ​សភាពការណ៍​នៃ​ជំងឺ Covid-19 មាន​ភាព​ធូរស្បើយ​ច្រើន។ ក្រុមហ៊ុន​អចលនទ្រព្យ​ដីធ្លី​ក៏មាន​ការរីកដុះដាល​ច្រើន ស្ទើរ​គ្រប់​ទីកន្លែង​មិន​ថា​នៅក្នុង​ក្រុង ឬ​នៅតាម​បណ្តារ​ខេត្ត​នោះទេ។ យ៉ាងណាមិញ​អ្នកជំនាញ​បាន​លើកឡើងថា ការទិញ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ល្អប្រសើរ​ជាជាង​ការទិញ​ដីធ្លី​នៅតាម​បណ្តារ​ខេត្ត។

លោក អុិន ណា​ង អ្នកជំនាញ​ដីធ្លី និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate បាន​ថ្លែងប្រាប់​គេហទំព័រ Property Area Asia ថា ការទិញ​ដី​នៅតាម​តំបន់​ជាយក្រុង​ជា​ជម្រើស​ល្អ ទោះបីជា​មិនបាន​នៅ​ចំ​កណ្តាល​ក្រុង​ក៏ដោយ។

លោក​បន្តថា “បើសិនជា​មានឱកាស​ហើយ អាច​ជ្រើសរើស​ការទិញ​ដី​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ប្រសើរ​ជាង ដោយសារតែ​ការទិញ​ដីធ្លី នៅតាម​បណ្តា​ខេត្ត​អាច​មិនសូវ​ចំនេញ និង​កប់។ ករណី​ដែលមាន​បញ្ហា​បន្ទាន់​ក្តី ឬ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ គឺ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​នៅតែ​អាច​លក់បាន នៅតែមាន​អ្នកទិញ​ដែរ” ។

អ្នកជំនាញ​រូបនេះ​បញ្ជាក់ថា ធម្មតា​នៅតាម​ខេត្ត​ចរាចរណ៍ មិនសូវ​ជា​អ៊ូអរ​ដូច​នៅ​ជាយក្រុង​ទេ ម្យ៉ាង​តម្រូវការ​ច្រើនតែ​មាននៅ​ជាយក្រុង​ជាង ហើយ​មិន​ខ្វះ​អ្នកទិញ មិន​ខ្វះ​អ្នក​ចង់​បានទេ។ តម្រូវការ​ដី​នៅ​ជាយ​ក្រុងមាន​ជម្រើស​បាន ដូចជា​ការសាងសង់​លំនៅ ដ្ឋា​ន​បាន​ងាយស្រួល ក្នុងការ​ចេញមក​ប្រកបការងារ​ក្នុង​ក្រុង​បាន​ស្រួល។ ជាក់ស្តែង​ដី​នៅតាម​បណ្តារ​ខេត្ត​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទេ។ លុះត្រាតែ​ខេត្ត​នោះ​មាន​គម្រោង​អភិវឌ្ឍ​ខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “នេះ​មិនមែន​មានន័យថា​ដី​នៅ​ខេត្ត​មិនល្អ​ទេ វា​ល្អ​គ្រាន់តែ​ត្រូវ​ចំណាយពេល​យូរ​និង​ទទួលបាន​ផលចំណេញ​តិចជាង​ជាយក្រុង។លោក​បន្ថែមថា “តាមពិត​ដីធ្លី​នៅ​តំបន់​ណា​ក៏​ល្អ​ដែរ តែ​សម្រាប់​តំបន់​ដែលមាន​ចរាចរណ៍​ទិញ​លក់​ច្រើន គឺ​នៅ​ឆៀង​ខាងលិច​ក្រុងភ្នំពេញ” ។

អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ លោក ង៉ែត ជូ បាន​ប្រាប់​គេហទំព័រ propertyarea.asia កាលពីពេល​ថ្មី​ថា ជាទូទៅ​តម្លៃ​អចលនទ្រព្យ​នៅ​ជាយក្រុង​មានការ​កើន​ជានិច្ច ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច ទីផ្សារ​ឬ​នយោបាយ​មិនល្អ គឺ​ធ្លាក់​ថ្លៃ​តែមួយ​រយៈ​ប៉ុណ្ណោះ។ ម្យ៉ាង អាច​ប្រើប្រាស់​ដី​ឬ​បង្កើតជា​ចំណូល​អកម្ម​បាន៖ ប្រសិនបើ​សន្សំ​ដីធ្លី​បាន​ច្រើន អ្នក​អាច​រក្សា​ទុកជា​ធនាគារ​ដីធ្លី និង​ប្រើប្រាស់​ក្នុង​គោលបំណង​នានា ដូចជា បង្កើតជា​កសិដ្ឋាន សង់​ឃ្លាំង ស្តង់​លក់ទំនិញ អគារ​ពាណិជ្ជកម្ម ឬ​ការ​រិ​យា​ល័យ​សំរាប់​ជួល។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី ធ្លាប់បាន​មានប្រសាសន៍​កន្លងមក​ថា តំបន់​ជាយក្រុង​កំពុង​តែមាន​សក្ដានុពល​នៅពេល​បច្ចុប្បន្ន និង​នៅ​បន្តទៅ​ថ្ងៃ​អនាគត គឺ​ស្ថិតនៅ​ទិស​ទាំង៤ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ជាពិសេស តំបន់​ដែល​ស្ថិតនៅតាម​ផ្លូវជាតិសំខាន់ៗ ដូចជា​ផ្លូវជាតិ​លេខ១ ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here