លោកស៊ុន ចាន់ថុលពន្យល់ពីមូលហេតុដែលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានតម្លៃថ្លៃជាងប្រទេសជិតខាង

ដោយៈ សុផារី

ភ្នំពេញៈ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យធ្វើដំណើរការ ដោយមិនគិតថ្លៃរយៈពេលមួយខែ ចាប់ពីនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ នឹងត្រូវគិតតម្លៃធម្មតា ដោយបែងចែកចេញជា៥ប្រភេទយានយន្តខុសៗគ្នា។

ក្នុងដំណើរអញ្ជើញចុះពិនិត្យចុងក្រោយ លើការងារសាងសង់ផ្លូវល្បឿ​នលឿនភ្នំពេញ -ព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តម្លៃកំណត់ខាងលើនេះ នៅមានកម្រិតទាបជាងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក។

លោកបានគូសបញ្ជាក់ថា “ជាមធ្យមមួយគីឡូម៉ែត្រ គេយក១០សេន ទៅ១២សេន តែយើងយកតែ៨សេនទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្លើយតបការលើកឡើងថា ផ្លូវល្បឿនប្រទេសជិតខាងមួយចំនួន​ យកថ្លៃប្រើប្រាស់ផ្លូវទាបជាងកម្ពុជានោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដោយសារកត្តាបម្រែបម្រួលស្ថានភាពសេដ្ឋកិច្ច និងភាពខុសគ្នានៃសេដ្ឋកិច្ច ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ។

លោកលើកឡើងថា “ផ្លូវខ្លះសាងសង់ឡើង ក្នុងដំណាក់កាលតម្លៃវត្ថុធាតុដើម ឬតម្លៃពលកម្មទាប ដូច្នេះការសាងសង់ចំណាយដើមទុនទាប តែបច្ចុប្បន្នតម្លៃនៃការសាងសង់ខុសគ្នា បើធៀបទៅនឹងរយៈពេល១០ឆ្នាំ ឬ២០ឆ្នាំមុន”។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវមួយចំនួននៅប្រទេសជិតខាងយើង ផ្លូវខ្លះគេធ្វើ១០ឆ្នាំ២០ឆ្នាំមុនហើយ អ៊ីចឹងតម្លៃមិនមែន២ពាន់លានដុល្លារទេ ពេលធ្វើអាចចំណាយប្រហែល៥០០លាន ជាករ​ណីឧទាហរណ៍ តែយើងឡើងដល់២ពាន់លានដុល្លារ។

លោកបន្តថា “ផ្លូវនេះ [ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ] ពេលខ្ញុំសិក្សា២០០៧ យើងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនតម្លៃ៧០០លានដុល្លារអាមេរិក ឥឡូវឡើងជា២ពាន់លានដុល្លារសហរដ្ឋអាមេរិក”។

ហេតុផលមួយទៀត ដែលនាំឱ្យការយកថ្លៃខុសគ្នា គឺដោយសារចំនួនយានយន្តនៅកម្ពុជាមានចំនួនតិច ធៀបនឹងប្រទេសដទៃ ដែលតម្រូវឱ្យមានការកំណត់តម្លៃខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនអាចប្រមូលទុនវិនិយោគវិញ ក្នុងរយៈពេលវិនិយោគ៥០ឆ្នាំ កំណត់ដោយរាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់បន្ថែមរបស់លោកទេសរដ្ឋមន្ត្រី។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា “មិនមែនចិនប្រមូលលុយខ្មែរទេ។ ចិនដាក់លុយដុំ២ពាន់លានដុល្លារ ចិនយកលុយរាយទៅវិញបន្តិចម្តងៗ ដើម្បីរំលស់លុយគាត់វិញ”។

លោករដ្ឋមន្ត្រី បានបន្ថែមថា “អ៊ីចឹងប្រទេសជិតខាងអាចថោកបន្តិច ប៉ុន្តែប្រទេសចំនួនច្រើន​ មានតម្លៃខ្ពស់ ដោយសារគេប្រើតម្លៃជាគោល១០សេន ទៅ ១២សេនក្នុងមួយគីឡូម៉ែត្រ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here