អ្នកស្វែងរកទិញអចលនទ្រព្យកាន់តែមានឱកាសច្រើន ខណៈអ្នកលក់អចលនទ្រព្យកាន់តែច្រើន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុ​ ប្បន្ននេះ នៅតែមិនទាន់មានភាពប្រសើរឡើងនៅឡើយ ក្រោយពីរដ្ឋាភិបាលបានបើកប្រទេសបើកសេដ្ឋកិច្ច អស់រយៈពេល១ឆ្នាំមកនេះ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពបែបនេះ វាជាឱកាសសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ខណៈអ្នកដាក់លក់អចលនទ្រព្យលើទីផ្សារកាន់តែមានចំនួនច្រើន។

អ្នកស្រីចន្ទី ទិវា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Advanced Property មានប្រសាសន៍ឱ្យដឹងកាលពីម្សិលម៉ិញនេះថា  ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរនៅឡើយទេ បន្ទាប់ពីកូវីដ១៩ បានធូរស្រាលអស់រយៈពេល១ឆ្នាំមកនេះ គឺស្ថានភាពអចលនទ្រព្យ តែស្ថិតនៅក្នុងសភាពទ្រឹងនៅឡើយ ។

អ្នកស្រីបន្តថា “កត្តាដែលស្ថានភាពអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានៅតែស្ថិតនៅសភាពទ្រឹង គឺយើងបានឃើញស្រាប់ហើយ”។ អ្នកស្រីបន្ថែមថា  “បន្ទាប់ពីកូវីដ១៩ធូរស្រាលមែន តែវិបត្តិមួយទៀតក៏បានចូលមកដល់ គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់បណ្ដាប្រទេសមួយចំនួនក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ពីសង្គ្រាមនេះដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីចន្ទី ទិវាបានបន្តថា ប៉ុន្តែស្ថិតនៅស្ថានភាពបែបនេះ វាគឺជាឱកាសនៃអ្នកដែលស្វែងរកទិញអចលនទ្រព្យ ដោយសារតែអ្នកលក់អចលនទ្រព្យកាន់តែមានចំនួនច្រើនឡើង ដូច្នេះហើយអ្នកទិញអាចស្វែងរកទីតាំងល្អៗ​ សម្រាប់ការអភិវឌ្ឍនៅពេលអនាគត ឬទិញទុកចំណេញនៅពេលបន្ទាប់ ។

ជាមួយគ្នានេះ លោករ៉ៃ ឬទ្ធីប្រធានតំបន់របស់ក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តឧត្តរមានជ័យបានលើកឡើងផងដែរថា នៅក្នុងឧត្តរមានជ័យ ក៏មានអ្នកលក់ដីធ្លីច្រើនដែរ ហើយអ្នកដែលមានលុយច្រើនគេនាំគ្នាស្វែងរកទិញដីធ្លីដែលមានទីតាំងល្អៗ សម្រាប់ទុកលក់ចំណេញនៅពេលដីនោះឡើងថ្លៃ ស្របពេលតំបន់មួយចំនួន នៅក្នុងខេត្តឧត្តរមានជ័យក៏ឃើញថា មានការអភិវឌ្ឍដោយរំពឹងថា នឹងឡើងថ្លៃនៅពេលឆាប់ៗនេះផងដែរ ។

លោកបន្តថា “អ្នកស្វែងរកទិញដីនៅខេត្តឧត្តរមានជ័យ មានទាំងអ្នកនៅក្នុងខេត្តនេះផ្ទាល់ និងអ្នកមកពីភ្នំពេញ ដោយពួកគេរំពឹងថាដីដែលពួកគេទិញទុកនោះមិនយូរ មិនឆាប់នឹងអាចធ្វើឱ្យពួកគេចំណេញប្រាក់មកវិញ”។ លោកបន្តថា “ចំពោះទស្សនខ្ញុំផ្ទាល់ ខ្ញុំក៏យល់ឃើញថាដីធ្លីនៅក្នុងខេត្តឧត្តរមានជ័យមានសក្ដានុពល និងឱកាសនៃការឡើងថ្លៃខ្ពស់នាពេលអនាគ”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យដទៃទៀត ក៏បានយល់ឃើញថាបច្ចុប្បន្ននេះ វាឱកាសសម្រាប់អ្នកលមានលុយមានទុន ក្នុងការទិញអចលនទ្រព្យទុកចំណេញក្នុងនោះដីធ្លី គឺជាទ្រព្យមួយដែលវិនិយោគហើយមិនចេះខាតបង់ ហើយបើសិនជាវាមិនត្រូវថ្លៃ យើងទុកបន្តទៀតលុយយើងនៅតែជារបស់យើង ដីយើងក៏នៅតែជារបស់យើងដដែល ចាំពេលត្រូវថ្លៃគ្នាចាំលក់ក៏មិនខាតដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here