ទីក្រុងក្វាងចូវអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កាត់បន្ថយតម្លៃផ្ទះរហូត ដល់២០ភាគរយ

ដោយ: លាងហួរ

ក្វាងចូវ: ទីភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ Yicai បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងក្វាងចូវបានអនុញ្ញាត ឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យកាត់បន្ថយតម្លៃលក់ផ្ទះ រហូតដល់២០ភាគរយ បើធៀបនឹង៦ភាគរយពីមុន។

អាជ្ញាធរក្នុងតំបន់របស់ប្រទេសចិន បានកំណត់តម្លៃលក់នៅក្នុងវិស័យអចលនទ្រព្យ ដែលមានចំនួនមួយភាគបួននៃសេដ្ឋកិច្ច ដើម្បីជៀសវាងការឡើងចុះយ៉ាងខ្លាំងនៃតម្លៃអចលនទ្រព្យ។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងត្រីមាសទី២ ដោយសារការបិទខ្ទប់ការរីករាលដាលនៃជំងឺកូវីដ និងវិស័យអចលនទ្រព្យ ដែលកំពុងដាំក្បាលចុះបានបំផ្លាញទំនុកចិត្តអ្នកប្រើប្រាស់ និងអាជីវកម្មយ៉ាងធ្ងន់ធ្ងរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកបង្កើតគោលនយោបាយកំពូល របស់ប្រទេសចិនបាន នឹងកំពុងអំពាវនាវដល់រដ្ឋបាល ក្នុងតំបន់ឱ្យដាក់ចេញនូវវិធានការជាក់លាក់ ក្នុងទីក្រុង ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារអចលនទ្រព្យ។

ទីក្រុងចិនជាង២០០ ដែលភាគច្រើនជាទីក្រុងតូច និងមធ្យម បានចាត់វិធានការ ដើម្បីបង្កើនតម្រូវការនៅឆ្នាំនេះ រួមមាន ការឧបត្ថម្ភធន ការកក់លុយទាបជាងមុន ការកាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងផ្តល់ប្រាក់កម្ចីច្រើនជាងមុន។

ទីភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ REDD បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយដកស្រង់ប្រភពពីរ ដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីចុងខែសីហាថា គោលនយោបាយបន្ធូរបន្ថយសមហេតុផល គួរតែត្រូវបានអនុវត្តន៍ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានដើម្បីបង្វែរទីផ្សារលំនៅដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here