រដ្ឋបាលទីក្រុងចិនធំមួយប្ដេជ្ញាចាប់ផ្ដើមសាងសង់គម្រោងលំនៅដ្ឋានដែល ជាប់គាំងទាំងអស់ឆាប់ៗ

ដោយៈ សុខុម

ប៉េកាំង: ទីក្រុងជឹងចូវ (Zhengzhou) នៃប្រទេសចិន បានប្តេជ្ញាចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋាន ដែលជាប់គាំងទាំងអស់ក្នុងរយៈពេល៣០ថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៧ ខែកញ្ញា។

ការចាប់ផ្តើមសាងសង់ឡើងវិញនេះ នឹងធ្វើឡើងតាមរយៈការប្រើប្រាស់ប្រាក់កម្ចីពិសេសឱ្យបានល្អ ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានាប្រគល់ឱ្យវិញ នូវមូលនិធិដែលទទួលបានដោយមិនត្រឹមត្រូវ និងការជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យមួយចំនួនដាក់ពាក្យសុំក្ស័យធន។

យោងតាមសេចក្តីជូនដំណឹងមួយ របស់រដ្ឋបាលក្រុងខាងលើនេះចុះថ្ងៃទី៦ ខែកញ្ញា លើកឡើងថា “គោលបំណងគឺដើម្បីសម្រេចបាននូវការសាងសង់ប្រកបដោយនិរន្តរភាព លើគម្រោងអចលនទ្រព្យ ដែលត្រូវបានផ្អាកទាំងអស់នៅក្នុងទីក្រុង Zhengzhou”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពមួយបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យនានា ត្រូវតែសន្យាប្រគល់មូលនិធិ ដែលទទួលបានដោយមិនត្រឹមត្រូវ ឱ្យទៅក្រុមហ៊ុនហិរញ្ញប្បទាន គាំទ្រដោយរដ្ឋបាលថ្នាក់ស្រុក ប្រសិនបើពួកគេចង់ទទួលបានកម្ចីពិសេស។

អ្នកទិញផ្ទះនៅក្នុងទីក្រុងយ៉ាងតិច៨០ភាគរយ បានគំរាមឈប់បង់ប្រាក់កម្ចីទិញផ្ទះចាប់តាំងពីចុងខែមិថុនា ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានផ្អាកគម្រោងសាងសង់ ដោយសារមានបញ្ហាស្ទះលុយកាក់ ឬវិធានការរឹងបន្តឹងកូវីដ-១៩ យ៉ាងតឹងរ៉ឹង។

ការគំរាមឈប់បង់ប្រាក់កម្ចីទិញផ្ទះ ពីសំណាក់អ្នកទិញ បានបង្កឱ្យមានការព្រួយកាន់តែខ្លាំងឡើង ដោយអ្នកជំនាញបារម្ភអំពីការធ្លាក់ចុះរយៈពេលវែង នៅក្នុងទីផ្សារអចលនទ្រព្យប្រទេសចិន ដែលបានជួបវិបត្តិអស់ពី១ទៅ១ ចាប់តាំងពីដូវក្តៅឆ្នាំ២០២០ ក្រោយពីក្រុមនិយ័តករចិន បានចាត់វិធានការរឹងបន្តឹង ការខ្ចីប្រាក់យ៉ាងច្រើនសម្បើម នៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសនេះ។

ប្រភពដដែលទម្លាយឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន ត្រូវបានលើកទឹកចិត្ត ឱ្យដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីសុំក្ស័យធនជាមួយនឹងគោលបំណងធានាថា ដំណើរការបោះបង់ចោល នូវគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ នឹងត្រូវបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រភពដដែលលើកឡើងថា “វាជារឿងល្អ ព្រោះចំណាត់ការនេះ នឹងជួយសង្គ្រោះគម្រោងលំនៅដ្ឋាននានា ប៉ុន្តែគឺមិនមែនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍នោះទេ”។

យោងតាមសេចក្ដីជូនដំណឹងនោះឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យនានា គួរតែប្រឹងប្រែងឱ្យអស់លទ្ធភាព ធ្វើយ៉ាងណាប្រគល់ផ្ទះក្នុងគម្រោង ឱ្យទៅអ្នកទិញ តាមរយៈការបង្កើនដើមទុនដោយការលក់ដី ដែលមិនទាន់អភិវឌ្ឍន៍ ទ្រព្យសកម្ម និងប្រគល់ឱ្យទៅវិញនូវមូលនិធិ ដែលទទួលបានដោយមិនត្រឹមត្រូវ។

ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចទាក់ទងទៅរដ្ឋបាលក្រុង Zhengzhou ដើម្បីសុំការបំភ្លឺបានទេជុំវិញរឿងនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here