ទីផ្សារលំនៅដ្ឋានកូរ៉េខាងត្បូង ធ្លាក់ថ្លៃជាបន្តបន្ទាប់ក្នុងត្រីមាសទី៣

ដោយៈ សុខុម

សេអ៊ូល: ក្រុមអ្នកជំនាញបាននិយាយ កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ថា  ទីផ្សារលំនៅដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញសញ្ញាធ្លាក់ថ្លៃ ដែលអាចបន្តរយៈពេលវែងគួរសម ស្របពេលអត្រាការប្រាក់ហក់ឡើងខ្ពស់ និងទស្សនវិស័យមិនល្អជុំវិញការងើបឡើងវិញនៃសេដ្ឋកិច្ច។

តម្លៃលំនៅដ្ឋានក្នុងប្រទេសនេះ បានហក់ឡើងស្រឺតៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែផលប៉ះពាល់ បង្កឡើងដោយគោលនយោបាយអចលនទ្រព្យដែលជាប់គាំង បន្សល់ពីរដ្ឋាភិបាលមុនរបស់ប្រធានាធិបតី Moon Jae-in។

តម្លៃអាផាតម៉ិនក្នុងទីក្រុងសេអ៊ូល បានហក់ឡើងខ្លាំងស្រឺតៗ ជាពិសេ​សកាលពីឆ្នាំមុន នៅពេលពលរដ្ឋវ័យក្មេង សម្រុកនាំគ្នាទិញផ្ទះដោយ​សាររំពឹងថា តម្លៃផ្ទះនឹងបន្តហក់ឡើងបន្ថែមទៀត ហើយបើពួកគេមិនទិញទេ នោះថ្ងៃក្រោយពួកគេ នឹងកាន់តែលែងមានលទ្ធភាពទិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ទីផ្សារលំនៅដ្ឋានបានប្រែប្រួល ចាប់តាំងពីដើមត្រីមាសទី៣ ចុងឆ្នាំ២០២២នេះ។

យោងតាមទិន្នន័យ ពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានបង្ហាញថា តម្លៃអាផាតម៉ិនជាមធ្យមក្នុងក្រុងសេអ៊ូល បានធ្លាក់ចុះ០,១១%ក្នុងសប្តាហ៍ទី៤ ចុងខែសីហា បើធៀបនឹងសប្តាហ៍មុន។ ហើយនេះគឺជាការធ្លាក់ចុះកាន់តែខ្លាំង បើធៀបនឹងការធ្លាក់ចុះ០,០៩%កាលពី២សប្ដាហ៍មុន។

ក្រុមអ្នកជំនាញខាងទីផ្សារបានធ្វើការសន្និដ្ឋានថា ការធ្លាក់ថ្លៃនេះដោយសារការដំឡើងអត្រាការប្រាក់ និងទស្សនវិស័យមិនច្បាស់លាស់ជុំវិញការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងប្រទេសនេះ។

អ្នកជំនាញទាំងនោះបានអះអាងថា ទីផ្សារលំនៅដ្ឋានក្នុងប្រទេសនេះនឹងអាចងើបឡើងវិញបាន លុះត្រាតែមានការព្រួយបារម្ភ អំពីការធ្លាក់ចុះសេដ្ឋកិច្ចថមថយទៅវិញ៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here