តម្លៃទីផ្សារគម្រោងនៃអារ៉ាប៊ីសាអូឌីតកើនឡើងរហូតដល់១,៣៥ទ្រីលានដុល្លារ

ដោយៈ សុខុម

ក្រុងរីយ៉ាដ: តម្លៃទីផ្សារគម្រោងនៃប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើង០,១៨%ឈានដល់១,៣៥ទ្រីលានដុល្លារ នៅចន្លោះពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំនេះ ខណៈតម្លៃទីផ្សារគម្រោងនៃប្រទេសមួយចំនួននៅឈូងសមុទ្រអារ៉ាប់បានធ្លាក់ចុះ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន MEED ឱ្យដឹងថា តម្លៃទីផ្សារគម្រោងនៅឈូងសមុទ្រអារ៉ាប់ បានធ្លាក់ចុះជិត៨%អំឡុងរយៈពេលនេះ ដោយក្នុងនោះប្រទេសអ៊ីរ៉ាក់ បានធ្លាក់ចុះ១៧,៧% ហើយប្រទេសអារ៉ាប់រួមអេមីរ៉ាត បានធ្លាក់ចុះ៣៥,៨%។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៣ ខែសីហា។

តម្លៃគម្រោង នៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត មានទំហំ៥១៥ពាន់លានដុល្លារ ចំណែកឯតម្លៃទីផ្សារគម្រោងនៅប្រទេសអ៊ីរ៉ាក់ មានទំហំ២៨៧ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះតម្លៃគម្រោងនៅក្នុងប្រទេសអូម៉ង់ បានកើនឡើងខ្ពស់បំផុតក្នុងអត្រា២,៤៣% ឈានដល់១៨៧,៩ពាន់លានដុល្លារ ដែលជំរុញដោយការបន្ថែមគម្រោងថ្មីៗ និងការដំឡើងកញ្ចប់ថវិកាគម្រោង។ តម្លៃគម្រោងបំពង់បង្ហូរប្រេងរបស់ប្រទេសកាតា បានកើនឡើង០,៦២%ឈានដល់១៩៣ពាន់លានដុល្លារ។

ទីផ្សារគម្រោងនៃប្រទេសបារ៉ែន បានធ្លាក់ចុះ២,១៦% ហើយទីផ្សារគម្រោងនៃប្រទេសកូវែត បានធ្លាក់ចុះ០,៩០% ខណៈអ៊ីរ៉ង់ បានកើនឡើង០,៣៨%។

កាលពីខែកក្កដា របាយការណ៍មួយរបស់ក្រុមហ៊ុន គ្រប់គ្រងទ្រព្យសកម្ម Kamco ដែលមានមូលដ្ឋាននៅប្រទេសកូវែត លាតត្រដាងឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត បាននាំមុខគេនៅក្នុងតំបន់ សហប្រតិបត្តិការឈូងសមុទ្រ ជាមួយនឹងគម្រោង ដែលមានទំហំ១៦,៥ពាន់លានដុល្លារ ត្រូវបានផ្តល់ឱ្យអំឡុងត្រីមាសទី២ ឆ្នាំ២០២២ ដោយកើនឡើង៧៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍របស់ក្រុមហ៊ុន Kamco ក៏បានបន្ថែមដែរថា អារ៉ាប៊ីសាអូឌីត មានចំណែកគ្របដណ្ដប់៧៧,២% នៃការផ្ដល់កិច្ចសន្យាក្នុងត្រីមាសទី២ ដែលភាគច្រើនជំរុញដោយកិច្ចសន្យា ដែលប្រគល់ឱ្យសម្រាប់គម្រោងទីក្រុងឆ្លាតវៃ NEOM តម្លៃ៥០០ពាន់លានដុល្លារ។

សារព័ត៌មាន MEED ធ្លាប់បានចុះផ្សាយថា គម្រោងចំនួន៣ក្នុងចំណោ​មគម្រោងធំៗទាំង១០ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គឺសម្រាប់គម្រោង NEOM៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here