ទីបំផុតរដ្ឋាភិបាលចិនប្រកាសជួយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់គាំង តាមរយៈការធានាលើការបោះផ្សាយមូលបត្របំណុល

ដោយសុខុម

ហុងកុង: ក្រុមនិយ័តករនៃប្រទេសចិន បានណែនាំក្រុមហ៊ុនធានារ៉ាប់រងមូលបត្របំណុល China Bond Insurance ដែលគ្រប់គ្រង ដោយរដ្ឋជួយផ្តល់ការធានា សម្រាប់ការបោះផ្សាយមូលបត្របំណុលក្នុងស្រុក ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដើម្បីសម្រាលវិបត្តិ។

ប្រភពចំនួន៤ ដែលដឹងរឿងនេះ បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនមួយចំនួន រួមមានទាំងក្រុមហ៊ុន Longfor Group និងក្រុមហ៊ុន CIFI Holdings ផងដែរ ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលទទួលបានការធានាលើការបោះផ្សាយមូលបត្របំណុលនេះ។

ការអន្តរាគមន៍ជួយគាំទ្រពីរដ្ឋចិន នេះឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វិបត្តិបំណុលកាន់តែជ្រៅទៅៗ និងការខកខានទូទាត់បំណុល ក្នុងវិស័យអចលនទ្រព្យប្រទេសចិន អាចធ្វើឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ ឈានដល់ការរលំរលាយ។

ក្រោយដំណឹងដ៏ល្អនេះត្រូវបានចុះផ្សាយ ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានហក់ឡើងស្រឺតៗនៅថ្ងៃអង្គារ ទី១៦ ខែសីហា នេះ ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Longfor ក្រុមហ៊ុន CIFI និងក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតប្រចាំប្រទេសចិន Country Garden សុទ្ធតែបានហក់ឡើងជាង១៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះសន្ទស្សន៍ផ្សារហ៊ុនអចលនទ្រព្យចិន Hang Seng Mainland Properties Index បានហក់ឡើង៩,២% បើធៀបនឹងផ្សារហ៊ុនចិន Hang Seng Index ដែលបានហក់ឡើងត្រឹមតែ០,៦%។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន China Bond Insurance Co ដែលផ្តល់សេវាធានាលើហិរញ្ញវត្ថុនឹងផ្តល់ “ការធានាលើបំណុលគ្រប់ចំនួនដោយគ្មានលក្ខខណ្ឌ” សម្រាប់ការបោះផ្សាយមូលបត្របំណុលរយៈពេលមធ្យម។ ប្រភពអះអាងថា ការធានានេះផ្តល់នូវការការពារច្រើនជាងឧបករណ៍គ្រប់គ្រងហានិភ័យឥណទាន។

ប្រភព២ក្នុងចំណោមប្រភពទាំង៤បាននិយាយថា ក្រុមហ៊ុន Longfor បានបោះផ្សាយមូលបត្របំណុលរយៈពេលមធ្យមពី៣ឆ្នាំដល់៥ឆ្នាំដែលមានចំនួនសរុបរហូតដល់ទៅ១,៥ពាន់លានយ័ន (២២១លានដុល្លារអាមេរិក) រួចទៅហើយ ដោយមានការធានាពីក្រុមហ៊ុន China Bond Insurance Co.៕

LEAVE A REPLY

Please enter your comment!
Please enter your name here