ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ការវិនិយោគដីធ្លី បាននិងកំពុងពេញនិយមជាងគេនៅកម្ពុជា ពិសេសក្នុងទិដ្ឋភាពវិស័យអចលនទ្រព្យ ប៉ុន្តែអ្នកជំនាញលើកឡើងថា ការវិនិយោគលើផ្នែកនេះ លែងទទួលបានផលចំណេញច្រើនដូចពីមុនហើយ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia ដែលទទួលភាពមានបាន និងក្លាយជាឧកញ៉ាដោយសារជំនួញដីធ្លីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលសួរថាហេតុអី បានជាការវិនិយោគដីធ្លីមានផលចំណេញច្រើន ហេតុផលដោយសារទី១ តង់ស៊ីតេប្រជាជនយើងមាន១៧លាននាក់ ក្នុងចំណោមនោះ៧០ភាគរយ ជាអ្នកមានវ័យក្រោម៤៤ឆ្នាំ ស្មើនឹងមនុស្ស១១លាននាក់ ទី២ សេដ្ឋកិច្ចយើងជាង២០ឆ្នាំ សម្រេចបានកំណើនជាង៧ភាគរយ ដោយប្រែក្លាយពីប្រទេសតតិយលោក ទៅកាន់ប្រទេសអ្នកមានឆាប់ៗ ហេតុនេះនៅពេលសេដ្ឋកិច្ចកើនឡើង តម្លៃដីធ្លីកើនឡើង។
ទី៣ នយោបាយកម្ពុជា មានលំនឹងណាស់ មនុស្សមិនដែលទៅបរទេស ចេះតែនិយាយផ្តេសផ្តាស់។ អ្នករកស៊ី ត្រូវការស្ថេរភាពនយោបាយយ កម្ពុជាមានលំនឹងនយោបាយ ទី៤ បរទេសមកច្រើន ដោយសារក្រៅពី សេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើនខ្លាំងហើយ គឺមានប្រជាជនរួសរាយរាក់ទាក់ ចេះជួយយកអាសារគេ និងមិនដែលមានគ្រោះមហន្តរាយដោយសារធម្មជាតិទេ។
ទាក់ទងសំណួរសួរថា តើការវិនិយោគដីធ្លី នៅតែទទួលបានផលចំណេញច្រើនដដែល សម្រាប់រយៈពេល៣ទៅ៥ឆ្នាំខាងមុខ? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា “ការវិនិយោគ និងអភិវឌ្ឍន៍ដីធ្លីនៅតែមានផលចំណេញ គឺគិតពីឆ្នាំ២០២២ ដល់២០៣០ គឺនៅតែចំណេញ ប៉ុន្តែសំខាន់គឺចំណេញយ៉ាងម៉េច?។
លោកឧកញ៉ាបានពន្យល់ថា ពេលណាដែលអ្នកលក់ម្នាក់ តែមានអ្នកទិញ១០នាក់ អ្នកលក់មានផលចំណេញច្រើន ប៉ុន្តែនៅពេលណាមានអ្នកលក់៥ និងអ្នកទិញ១០ ចំណេញតិចជាងមុន ប៉ុន្តែឥលូវនេះវាដល់ពេលមួយគឺឈានដល់ការប្រកួតប្រជែងខ្ពស់បំផុត មានន័យថា អ្នកទិញ១០ អ្នកលក់១០ គឺភាគរយនៃផលចំណេញធ្លាក់ចុះ។
លោកបន្តដោយលើកជាសំណួរថា “ចឹងសួរថាវិនិយោគដីនៅមានផលចំណេញឬអត់ ចម្លើយគឺនៅតែចំណេញ ប៉ុន្តែភាគរយនៃផលចំណេញ មានកម្រិតទាបជាងមុន មិនបានខ្លាំងដូចអតីតកាលទាំងគេទាំងយើង”៕