ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាកល្បងបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរជាលើកដំបូង

ដោយៈ សុផារី

ព្រះសីហនុៈ ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ បានចាប់ផ្ដើមដំណើរការសាកល្បង ជាលើកដំបូង នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២២នេះ ចំពោះលក្ខណៈបច្ចេកទេស នៃការបង់ប្រាក់តាមបញ្ជរនីមួយៗ ខណៈដំណើរការស្ថាបនា ផ្លូវប្រវែងជាង១៨៥គីឡូម៉ែត្រនេះ ជិតនឹងបញ្ចប់នៅអំឡុង២ខែខាងមុខទៀត។

តំណាងក្រុមហ៊ុនសាងសង់បានឱ្យដឹងថា បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះមានចំនួន៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញត្រង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឬមហាវិថីឈ្នះឈ្នះ ឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ។

បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ត្រង់ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅត្រង់គីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។ បញ្ជរទី៤ ត្រង់គីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរចុងទីនៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ខាងកើតច្រកចូលតំបន់ក្បាលឆាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកដំណើរលើផ្លូវល្បឿនលឿននេះ គឺត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង ដោយគិតជាគីឡូម៉ែត្រ ហើយបង់ប្រាក់នៅបញ្ជរណាមួយ ដែលអ្នកបើកបរឈប់បន្តធ្វើដំណើរលើផ្លូវមួយខ្សែនេះទៅតាមតំបន់បញ្ជរ។

ក្រុមហ៊ុនល្បឿនលឿន ក៏មានរៀបចំជាកាតអេឡិចត្រូនិកពិសេសសម្រាប់អ្នកដំណើររូបណា ចង់បានកាតនោះទៅកាន់ជាប់ជាប្រចាំ ដោយមិនចាំយក ក្នុងពេលធ្វើដំណើរពីភ្នាក់ងារបញ្ជរក៏បាន ដែលកាតអេឡិចត្រូនិកនោះមានឈ្មោះETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here