ក្រសួងសេដ្ឋកិច្ចផ្ដល់អាជ្ញាបណ្ណជូនក្រុមហ៊ុនធ្វើការវិនិយោគពាក់ព័ន្ឋវិស័យអចលនទ្រព្យ២៧០ក្រុមហ៊ុន

ដោយៈ លក្ខិណា

ភ្នំពេញៈ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានសន្ទុះក្នុងរយៈពេលជាងទសវត្សរ៍ចុងក្រោយនេះ ហើយកម្ពុជាក៏ចាប់ផ្ដើមរៀបចំច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ពាក់ព័ន្ធនឹងវិស័យនេះផងដែរ។

រដ្ឋាភិបាលបានបង្កើតនិយ័តករ ដើម្បីគ្រប់គ្រងប្រតិបត្តិករវិស័យមួយនេះឱ្យបានត្រឹមត្រូវផងដែរ ។ គិតត្រឹមត្រីមាសទី២ឆ្នាំ២០២២នេះ និយ័តករអចលនទ្រព្យ និងបញ្ចាំ បានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនចំនួន២៧០ក្រុមហ៊ុន ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

លោកជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនទ្រព្យវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាន៍ថា នៅក្នុងពិធីបើកពិព័រណ៍អចលនទ្រព្យ កាលពីដើមសប្តាហ៍នេះថា គិតត្រឹមត្រីមាសទី២ឆ្នាំ២០២២នេះ និយ័តករអចលនវត្ថុ និងបញ្ចាំបានផ្ដល់អាជ្ញាបណ្ណជូនក្រុមហ៊ុនវាយតម្លៃ និងសេវាកម្មចំនួនជាង២៧០ក្រុមហ៊ុន។

ក្នុងនោះមានក្រុមហ៊ុនភ្នាក់ងារ អចលនវត្ថុមានចំនួន១៦៨ ក្រុមហ៊ុន ក្រុមហ៊ុនវាយតម្លៃមានចំនួន៧ក្រុមហ៊ុន ក្រុមហ៊ុនជាភ្នាក់ងារនិងវាយតម្លៃផងមានចំនួន៤២ក្រុមហ៊ុន។ ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុមានចំនួន១៧ក្រុមហ៊ុន ក្រុមហ៊ុនភ្នាក់ងារ និងអចលនវត្ថុមានចំនួន១០ក្រុមហ៊ុន និងក្រុមហ៊ុនភ្នាក់ងារ វាយតម្លៃនិងគ្រប់គ្រងអចលនវត្ថុមានចំនួន៥ក្រុមហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជូ វណ្ណៈបានបន្តថា ក្រៅពីនេះដែរ និយ័តករក៏បានចេញអាជ្ញាបណ្ណធ្វើអាជីវកម្ម ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុ ចំនួន១២ក្រុមហ៊ុន ដែលមានគម្រោងអភិវឌ្ឍន៍ចំនួន៤៣៦គម្រោង ដោយក្នុងនោះមានផ្ទះល្វែងចំនួន២៦គម្រោង បុរីមានចំនួន២៣៣គម្រោង អគារសហកម្មសិទ្ធិខុនដូ មានចំនួន១៥៤គម្រោង ផ្សារមានចំនួន២គម្រោង គម្រោងចំរុះមានចំនួន២៤គម្រោង និងគម្រោងដីឡូត៏មានចំនួន២គម្រោង ។

លោកបន្ថែមថា អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលកម្ពុជាបានជួបនឹងវិបត្តិកូវីដ១៩ និងបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មមួយចំនួន រួមទាំងអចលនវត្ថុផងដែរនោះត្រូវថមថយល្បឿន។ តែដោយមានការដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យរដ្ឋភិបាលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អឡើងវិញ និងបានជំរុញឱ្យវិស័យអចលនវត្ថុ ក៏ចាប់ផ្ដើមមានសកម្មភាពវិនិយោគជាបន្តបន្ទាប់វិញផងដែរ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ក្នុងប្រទេសកម្ពុជា មានភ្នាក់ងារអចលនវត្ថុច្រើនណាស់ ប៉ុន្តែក្នុងចំណោមភ្នាក់ងារទាំងនោះ ភាគតិចណាស់ ដែលមានអាជ្ញាប័ណ្ណ និងចុះបញ្ជីនៅក្រសួងបានត្រឹមត្រូវ។

លោកបន្តថា “ដូច្នេះដើម្បីឱ្យការរកស៊ីដោយស្មើភាពគ្នា អ្នកកំពុងរកទទួលទានរបរនេះ គួរតែចុះបញ្ជីឱ្យបានត្រឹមត្រូវ និងទទួលបានការបណ្ដុះបណ្ដាលពីក្រមសីលធម៌នេះ ត្រឹមត្រូវផងដែរ។ ធ្វើដូចនេះ គឺអាចទាក់ទាញនិងផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគមកពីបរទេសផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here