លំនៅដ្ឋាននិងសកម្មភាពពាណិជ្ជកម្មនឹងដុះដាលខ្លាំងផ្លូវជាតិចំនួន២ខ្សែនៅរយៈពេល៥ឆ្នាំខាងមុខ

ដោយៈ គង់ ម៉ាលីនណា

កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ថា ផ្លួវជាតិចំនួនពីរខ្សែក្នុងខេត្តកំពង់ស្ពឺ នឹងមានភាពរីកចម្រើន ដោយចំនួនបុរី និងសកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្ម នឹងរីកដុះដាលខ្លាំងនារយៈពេល៥ឆ្នាំខាងមុខ។


លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាច ថ្ងៃទី៣០ មិថុនាថា សកម្មភាពរោងចក្រ ឧស្សាហកម្ម បាននិងកំពុងមានភាពរីកចម្រើនខ្លាំងនៅលើផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ដែលបច្ចុប្បន្នរោងចក្រ សហគ្រាស បុរី លំនៅដ្ឋានកាន់តែច្រើន បង្ហាញខ្លួននៅលើបណ្តោយផ្លូវនេះ។

លោកបន្តថា “ខ្ញុំគិតថារយៈពេល៥ឆ្នាំខាងមុខ បុរី លំនៅដ្ឋានកាន់តែច្រើន នឹងបង្ហាញវត្តមានព្រោងព្រាតលើផ្លូវទាំងពីរនេះ”។លោកបន្តថា “បច្ចុ​ប្បន្នខេត្តកំពង់ស្ពឺ អាជីវកម្មខ្នាតតូច រោងចក្រ សហគ្រាសខ្នាតតូច និងមធ្យមចំនួន៧០០០កន្លែង ដែលបាននិងកំពុងផ្តល់ការងារ ដល់ប្រជាពលរដ្ឋប្រមាណ១៦ម៉ឺននាក់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវ៉ី សំណាងបានបន្តទៀតថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋរស់នៅកើន ដល់ប្រមាណ ៨៩០,០០០នាក់ហើយ និងកើនឡើងកាន់តែខ្លាំងបន្តទៀត ស្របពេលចំនួននៃការមកដល់ របស់អ្នកវិនិយោគថ្មីៗ កំពុងកើនឡើងជាប្រចាំ។ ជាមួយគ្នានេះ ខេត្តបាននិងកំពុងសម្រេចបាននូវវឌ្ឍនភាព ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះ ទន្ទឹមនឹងល្បឿននៃការអភិវឌ្ឍន៍ ឧស្សាហកម្មក្នុងខេត្តក៏បាននិងកំពុងប្រឈមមុខនឹងកង្វះកំលាំងពលកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here