អ្នកស្រីអាន សុធីតាៈ ដីនៅខេត្តជាប់មាត់សមុទ្រចំនួន៣កំពុងមានសកម្មភាពទិញលក់សកម្មឡើងវិញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបាននិងកំពុងមើលឃើញនិន្នាការថ្មី នៃការវិនិ​យោ​គដីធ្លី ដោយបច្ចុប្បន្ននេះ ចំនួនអ្នកវិ​និយោគកាន់តែច្រើន បានចាប់អារម្មណ៍លើការទិញដីធ្លី នៅខេត្តជាប់មាត់សមុទ្រចំនួនបី។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនProPNex Cambodiaបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា សកម្មភាពវិនិយោគលើទីផ្សារដីធ្លី នៅក្នុងខេត្តកែប កំពត កោះកុងមានភាពល្អប្រសើរ ប៉ុន្តែខេត្តព្រះសីហនុ ត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យទីផ្សារអាចស្រូបយកអ្វីដែលបានដាក់ចូលទីផ្សារយ៉ាងច្រើនលើសលុបរួចទៅហើយ។

អ្នកស្រីបន្តថា “ដោយសាររដ្ឋាភិបាលបានវិនិយោគ និងកំពុងវិនិយោ​គលើហេដ្ឋារចនាសម្ព័ន្ឋធំៗ និងចាំបាច់ ទើបធ្វើឲ្យខេត្តទាំងបីនេះមានសញ្ញាវិជ្ជមានលើទីផ្សារដីធ្លីឡើងវិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីអាន សុធីតាបានបន្តថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ​របស់រដ្ឋាភិបាល បាននិងកំពុងដើរតួនាទីស្នូល ក្នុងការជម្រុញវិស័យអចល​នទ្រព្យ ពិសេសផ្នែកដីធ្លី ស្របពេលខេត្តជាប់សមុទ្រទាំងបី កំពុងមានចរន្តទិញលក់ស្របគ្នា នឹងការងើបឡើងវិញនៃសេដ្ឋកិច្ច សង្គម។

ខេត្តកំពត
ខេត្តមួយនេះ កំពុងមានភាពទាក់ទាញកាន់តែខ្លាំង បន្ទាប់ពីផ្លូវជាតិលេខ៣បានបញ្ចប់ និងសម្ភោធដាក់ឲ្យដំណើរការ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនក្នុងខេត្តនេះកំពុងសាងសង់ ពិសេសការសាងសង់ទីក្រុងបូកគោថ្មី ការសាងសង់កំពង់ផែទឹកជ្រៅលំដាប់អន្តរជាតិ ដែលបោះទុន១៥០០លានដុ​ល្លារដោយក្រុមហ៊ុនទ្រីភាព គ្រុប បាននិងកំពុងបង្កើនល្បឿន និងការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ។

ខេត្តកែប
រដ្ឋាភិបាលបាននិងកំពុងសាងសង់កំពង់ផែ ការរៀបចំឆ្នេរមាស ការរៀបចំឆ្នេរអង្កោល និងផែនការអភិវឌ្ឍន៍ជាច្រើនទៀត ពិសេសការអភិវឌ្ឍន៍កោះទន្សាយរបស់ក្រុមហ៊ុនទ្រី ភាពគ្រុប។

ខេត្តកោះកុង
ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងធ្លាប់ជាខេត្តដាច់ស្រយាលនេះ កំពុងទាក់ទាញការវិនិយោគ និងពង្រីកសក្តានុពលដ៏ធំសម្បើម តាមរយៈការត្រៀមដាក់ដំណើរការព្រលានយន្តហោះលំដាប់អន្តរជាតិ នៅក្នុងគំរោងតារាសាគរនាពេលខាងមុខ។

ការសាងសង់កំពង់ផែទឹកជ្រៅ ការពង្រីកផ្លូវជាតិលេខ៤៨ជាពីរគន្លង ពិសេសការសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូត ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ និងឆ្ពោះត្រង់ទៅកាន់ខេត្តកោះកុងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here