ការកើនឡើងនៃប្រេងឥន្ធនៈនិងសម្ភារៈសំណង់ មិនធ្វើឱ្យតម្លៃផ្ទះនៅកម្ពុជាឡើងថ្លៃទេ

ដោយៈ សុផារី

ភ្នំពេញៈ វិបត្តិនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ និងបានធ្វើឱ្យតម្លៃនៃសម្ភារៈសំណង់ កើនឡើងជាបន្តបន្ទាប់ដែរ ប៉ុន្តែយ៉ាងណាក្ដីការកើនឡើងរបស់ទាំងនេះ ក៏មិនបានធ្វើឱ្យតម្លៃផ្ទះនៅលើទីផ្សារកម្ពុជា កើនឡើងទៅតាមនោះដែរ ពោលរក្សាលំនឹងថេរ នៅក្នុងឆ្នាំ២០២២នេះ ។

លោកព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យCentury 21 Zillion Holding បានថ្លែងតាមទូរសព្ទឱ្យដឹងថា សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានជះឥទ្ធិពលនាំឱ្យសាំងឡើងថ្លៃ ទំនិញនានាឡើងថ្លៃទៅតាមសាំង ហើយសម្ភារសំណង់ក៏ឡើងថ្លៃ ។ តែសម្រាប់អចលនទ្រព្យវាអត់ឡើងថ្លៃទៅតាមរបស់ទាំងនោះទេ ។

លោកបន្តថា “តម្លៃអចលនទ្រព្យ ដូចជា ផ្ទះ និងដីធ្លីជាដើម ត្រូវការពេលវេលាដើម្បីឱ្យវាឡើងថ្លៃ ហើយអចលនទ្រព្យនឹងមិនឡើងថ្លៃនោះទេ បើសិនជាស្ថានភាពសេដ្ឋកិច្ច មិនដំណើរការស្រួលបួលនោះ”។ លោកបន្តថា “ក្នុងឆ្នាំ២០២២នេះ យើងបានមើលឃើញថាតម្លៃផ្ទះ ខុនដូ នៅរក្សាលំនឹងដដែល តែឡើងក៏ឡើងត្រឹមតិចតួចប៉ុណ្ណោះ ទោះបីស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានប្រសើរឡើងវិញក្ដី”។

លោកព្រាប កុលបានបន្តថា វិស័យអចលនទ្រព្យនៅកម្ពុជា អាចប្រសើរឡើងវិញក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំខាងមុខ ដោយភ្លាមៗនេះ វាមិនទាន់ប្រសើរវិញនោះទេ តែវាក៏មិនអាក្រក់ដូចឆ្នាំ២០២១និងឆ្នាំ ២០២០ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកជា ស៊ីមុយ ប្រធានក្រុមផ្នែកលក់នៃបុរីភ្នំពេញថ្មីដែលជាក្រុមហ៊ុន អភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាយូរឆ្នាំមួយ ក៏បានឱ្យដឹងផងដែរថា ស្របពេលនឹងតម្លៃសម្ភារៈឡើងថ្លៃ លំនៅឋានក្នុងបុរីភ្នំពេញថ្មីមិនឡើងថ្លៃទេ តែក្រុមហ៊ុនបានលើកទឹកចិត្ត ដល់អតិថិជនដោយបានបញ្ចុះតម្លៃជូនទៅវិញក្នុងស្ថានភាពបច្ចុប្បន្ននេះ ជាពិសេសសម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗនេះ ។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​ល​នវត្ថុកម្ពុជាបានលើកឡើងផងដែរថា ស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជានាពេលនេះ មិនអាក្រក់ដូចពីរឆ្នាំមុននោះទេ តែយ៉ាងណាក៏មិនទាន់ប្រសើរដូចមុនស្ថានភាពកូវីដ១៩នៅឡើយ។ វិស័យនេះ ត្រូវការពេលវេលាដើម្បីស្ដារឱ្យបានដូចមុនកូវីដ១៩ ហើយលោកជឿជាក់ថាឆ្នាំ២០២៣ និងឆ្នាំ២០២៤ខាងមុខ នឹងមានការវិនិយោគលើអចលនទ្រព្យ កាន់តែច្រើនជាពិសេសពីវិនិយោគិនបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here