តើអ្នកធ្វើអាជីវកម្មអចលនវត្ថុត្រួវគោរពគោលការណ៍និងលិខិតបទដ្ឋានអ្វីខ្លះ

ដោយៈជេស៊ីកា

ភ្នំពេញៈ ការធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យឬអចលនវត្ថុ ត្រូវមានឯកសារខុសៗគ្នាជាច្រើន ប៉ុន្តែយើងសូមលើកយកតែលិខិតបទដ្ឋាន ចំនូនពីរប្រភេទប៉ុណ្ណោះ ដើម្បី​បានសិក្សាស្វែងយល់។

យោងតាមប្រកាស លេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម អភិវឌ្ឍអចលនវត្ថុចែកចេញជា២ប្រភេទគឺ:

ទី១. អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១
អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត្តនេះ សំដៅដល់អ្នកអភិវឌ្ឍទាំងឡាយណា ដែលបានបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដោយមានលិខិតបិទការ​ដ្ឋាន លិខិតបញ្ជាក់ពីគុណភាពសំណង់ ឬមានការវាយតម្លៃពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរជាមុនសិន។

ទី២. អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២
លុះត្រាតែអ្នកអភិវឌ្ឍនោះ មានលិខិតអនុញ្ញាតសាងសង់ ឬលិខិតបើកការរដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឬអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណី ដែលមិនទាន់មានលិខិតអនុញ្ញាតសាងសង់ ឬលិខិតបើកការដ្ឋានសាងសង់ អ្នកអភិវឌ្ឍ មានសិទ្ធិទទួលប្រាក់កក់ដំបូងត្រឹមតែ១ភាគរយនៃតម្លៃលក់តែប៉ុណ្ណោះ។ ប្រាក់កក់ដំបូងនេះ ត្រូវរក្សាទុកនៅក្នុងគណនីអភិវឌ្ឍអចលនវត្ថុ និងមិនអនុញ្ញាតឲ្យដកយកទៅប្រើប្រាស់ទេ លុះត្រាតែទទួលបានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះគម្រោងដែលក្រសួង ឬអាជ្ញាធរមិនផ្តល់លិខិតអនុញ្ញាតសាងសង់ ឬលិខិតបើកការដ្ឋានសាងសង់ជូន ប្រាក់កក់ដំបូងនេះត្រូវប្រគល់ជូនអ្នកទិញវិញ ជាកំហិត។

ម៉្យាងវិញទៀត អ្នកអភិវឌ្ឍលំនៅដ្ឋាន ឬអគារសហកម្មសិទ្ធិទាំងឡាយណា ដែលស្នើសុំលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ត្រូវដាក់ប្រាក់តម្កល់អាជីវកម្មចំនួន២ភាគរយ នៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ។

សិទ្ធិក្នុងការចុះកិច្ចសន្យាទិញ-លក់អចលនវត្ថុ ត្រូវបានអនុញ្ញាតចំពោះតែអ្នកអភិវឌ្ឍទាំងឡាយណា ដែលជាម្ចាស់កម្មសិទ្ធិ លើគម្រោងអភិវឌ្ឍនោះតែប៉ុណ្ណោះ។ ចំពោះបុគ្គល ដែលមិនមែនជាម្ចាស់គម្រោង អាចមានសិទ្ធិចុះកិច្ចសន្យាទិញ -លក់បាន លុះត្រាតែមានកិច្ចព្រមព្រៀងជាលា​យលក្ខណ៍អក្សរ ពីម្ចាស់កម្មសិទ្ធិលើដីធ្លីនោះ ស្របទៅតាមនីតិវិធីច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here