កម្ពុជានិងវៀតណាមរំពឹងសម្រេចបានទំហំពាណិជ្ជកម្ម១០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មកម្ពុជាវៀតណាមបានបន្តកើនឡើងជាបន្តបន្ទាប់ ទោះស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ក្ដី ហើយឆ្នាំ២០២២នេះ កម្ពុជារំពឹងថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបានជាង១០ពាន់លានដុល្លារអាមេរិក។

ថ្លែងនៅក្នុងពិធីខួប៤៥នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ផ្ដួលរំលំរបបប្រល័យពូជសាស្ត្រ ប៉ុលពត ២០ មិថុនា ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជានិងប្រទេសវៀតណាម ក្នុងឆ្នាំ២០២២នេះ រំពឹងថានឹងសម្រេចបានជាង១០ពាន់លានដុល្លារ ក្នុងនោះរយៈពេល៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មនេះប្រទេសទាំងពីរសម្រេចបានជាង៥ពាន់លានដុល្លារអាមេរិកទៅហើយ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា កម្ពុជានិងវៀតណាមបានឯកភាព ក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មីៗ ជាបន្តបន្ទាប់ ហើយភាគីកម្ពុជាក៏នឹងពង្រីកផ្លូវពីបណ្ដាខេត្តទៅកាន់ច្រកព្រំដែនកម្ពុជា និងវៀតណាមឱ្យបានធំទូលាយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញចេញទៅវៀតណាម និងដឹកជញ្ជូនទំនិញពីប្រទេសវៀតណាមចូលមកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីនេះដែរ សម្ដេចតេជោហ៊ុន សែន ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាអភិវឌ្ឍន៍តំបន់ក្បែរច្រកព្រំដែន ដើម្បីទាក់ទាញការវិនិយោគ ដោយជំរុញឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្តបន្ទាប់នៅច្រកព្រំដែនកម្ពុជាវៀតណាម។

ក្នុងរបាយការណ៍ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាមានផែនការនាំចេញឱ្យបានទឹកប្រាក់ ជាង២៣ពាន់លានដុល្លារអាមេរិក និងនាំចូលមកវិញនូវទឹកប្រាក់ជិត៣១ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here