ដោយៈជេស៊ីកា
កំពង់ស្ពឺៈ សួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវជាតិលេខ៥១ បាននិងកំពុងពង្រីកសក្តានុពលតំបន់នេះ ជាមួយនឹងការពង្រីកផ្ទៃដីរហូតដល់ប្រមាណ៧០០ហិកតា។
ប្រធានគ្រប់គ្រងគំរោងសួនឧស្សាហកម្មកានាឌីយ៉ា ផ្លូវជាតិលេខ៥១ លោកគូ បូរិនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនារសៀលថ្ងៃទី១៧ មិថុនាម្សិលម៉ិញថា រហូតមកទល់ពេលនេះ ការសាងសង់សួនឧស្សាហកម្មនេះ កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ដោយបច្ចុប្បន្នការសាងសង់ខ្លោងទ្វារ សួនឧស្សាហកម្មនេះ និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនទៀតបានបញ្ចប់ហើយ។
លោកបន្តថា “បច្ចុប្បន្ននេះមានអ្នកវិនិយោគចិន កូរ៉េមួយចំនួនបាននិងកំពុងសាងសង់រោងចក្រ ក្នុងសួនឧស្សាហកម្មនេះ ស្របពេលក្រុមហ៊ុនត្រៀមសាងសង់រោងចក្រ សម្រាប់ជួលផងដែរ”។ លោកបន្តថា “លើសពីនេះក្រុមហ៊ុននឹងរៀបចំសាងសង់សួនច្បារ ផ្សារ និងបុរីនៅក្នុងគំរោងនេះនា ពេលខាងមុខ ដើម្បីបំរើសេចក្តីត្រួវការរបស់វិនិយោគិន និងប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នេះផងដែរ”។
សួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកគូ បូរិនបានបន្តថា ប្រសិនជាគិតពីទុនវិនិយោគលើគំរោងនេះ មានតម្លៃចូលពាន់លានដុល្លារអាមេរិក ព្រោះគ្រាន់តែតម្លៃដីមានតម្លៃរាប់រយលានដុល្លាររួចទៅហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតរបស់គំរោងនេះ គឺនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋ រស់នៅតំបន់នេះរាប់ពាន់នាក់ និងជួយលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ពិសេសវិស័យអចលនទ្រព្យនៅតំបន់នេះផងដែរ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ក្នុងពិធីសម្ភោធផ្លូវជាតិលេខ៥១ កាលពីពេលកន្លងមកថា ផ្លូវជាតិលេខ៥១ អាចនឹងក្លាយជាតំបន់ផ្លូវក្រវ៉ាត់ក្រុងនាពេលអនាគត៕