ដោយៈ ជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យធ្វើការកែសម្រួលរូបមន្ត ក្នុងការចុះបញ្ជីអចលនវត្ថុជាប្រភេទទ្រព្យសម្បត្តិ ដាច់ដោយឡែករបស់សហព័ទ្ធណាម្នាក់ជាពោះម៉ាយ ឬ មេម៉ាយ ដោយសារមរណភាពរបស់សហព័ទ្ធម្ខាងទៀត។
យោងតាមតាមលិខិតលេខ ២៣៩១ ដនស/អសដភ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២បានឲ្យដឹងថា ការកែប្រែនេះ គឺសំដៅលើការលុបពាក្យ “ខ្មោច” ទៅជាពាក្យ “មតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីវីញ នៅក្នុងការចុះបញ្ជីអចលនវត្ថុ និងចេញប័ណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
ឧទាហរណ៍៖ ករណីទ្រព្យដោយឡែកខាងប្តី លោក សុខ សាន (ពោះម៉ាយពីខ្មោច នាង ច័ន្ទ រតនា) ដោយកែប្រែជា (ពោះម៉ាយពីមរតកជន ច័ន្ទ រតនា) វិញ។ ពាក្យមរតកជន មានន័យថា ជន ឬបុគ្គលដែលបានស្លាប់ទៅហើយ។
ក្រៅពីនេះ ក្រសួង ក៏តម្រូវឲ្យកែសម្រួលលើរូមមន្ត និងឯកសាររណបផ្សេងទៀត ដែលធ្លាប់ប្រើពាក្យ “ខ្មោច” ទៅជាពាក្យ “មតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីផងដែរ។
ដើម្បីអនុវត្តការងារនេះឱ្យបានរលូន ក្រសួងដែនដី នឹងចាត់មន្ត្រីជំនាញពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចុះសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្តទាំងអស់ ក្នុងការតម្លើងរូបមន្តថ្មី ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យ៕