ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលរំពឹងថា នឹងមានកំណើនក្នុងរង្វង់២,៥ភាគរយ និងឆ្នាំ២០២៣ខាងមុខកម្ពុជារំពឹងថា វិស័យនេះនឹងមានកំនើន៥,២ភាគរយ ។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយនៅពេលថ្មីៗនេះ។
ការព្យាករណ៍ថ្មីនេះ មានភាពខុសស្រឡះកាលពីឆ្នាំមុន ដែលក្រសួងដដែលនេះបានព្យាករណ៍ថា កំនើនវិនិយោគក្នុងវិស័យនេះ នឹងកើនក្នុងរង្វង់៤,៨ភាគរយ។
របាយការណ៍នេះឱ្យដឹងថា ការព្យាករពីកំណើននៃវិស័យអចលនទ្រព្យនេះ ដោយសារការរំពឹងទុកថា ការងើបឡើងវិញយឺត នៃសកម្មភាពទិញលក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ រួមមាន ខុនដូ និងអាផាតម៉ិន ស្របពេលដែលការវិនិយោគ និងតម្រូវការក្នុងស្រុក លើអចលនទ្រព្យផ្នែកលំនៅឋានតម្លៃទាប និងមធ្យម រំពឹងថានៅបន្តរក្សាកំណើនល្អ។
របាយការណ៍ដដែលបានបង្ហាញថា ទោះជាយ៉ាងនេះក្ដី វិស័យនេះនៅតែប្រឈមនឹងហានិភ័យខ្ពស់ ស្រដៀងគ្នាទៅអនុវិស័យសំណង់ ដោយហេតុថា វិស័យអចលនទ្រព្យ មានទំនាក់ទំនងខ្លាំង ជាមួយនឹងវិស័យហិរញ្ញវត្ថុក្នុងនិងក្រៅប្រព័ន្ធធនាគារ ។ ក្នុងនោះន័យនេះ រាជរដ្ឋាភិបាលនឹងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃ អនុវិស័យនេះជាមួយនឹងការដាក់ចេញនូវវិធានការអន្តរាគមន៍ផ្សេងៗ សំដៅបញ្ចៀសហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏បានអះអាងមិនខុសគ្នាពីរបាយការណ៍របស់ក្រសួងដែរ ដោយលើកឡើងថា ដោយសារតែវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យនិងការវិនិយោគក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ដោយសារតែគោលនយោបាយគ្មានកូវីដ១៩ របស់ប្រទេសចិនក៏បានរារាំង ដល់ការមកដល់នៃវិនិយោគិនចិនមកកម្ពុជា ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជៀសមិនផុត ពីជះឥទ្ធិពលដល់អចលនទ្រព្យកម្ពុជានោះទេ ហើយវិនិយោគិនបរទេសជាពិសេសចិន នឹងចូលមកម្ពុជាវិញអាចនៅចុងឆ្នាំ២០២២នេះឬដើមឆ្នាំ២០២៣ខាងមុខ ។
ចំណែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញខាងខុនដូបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ការទិញលក់ខុនដូនៅមានសក្មភាព ប៉ុន្តែក្នុងចំណោមអ្នកទិញខុនដូភាគច្រើន គឺជាជនជាតិខ្មែរ ឬអតិថិជនក្នុងស្រុក។
លោកថា”ដោយសារតែជនបរទេស មិនទាន់ចូលមកកម្ពុជាច្រើនឡើងវិញ ទើបការលក់ខុនដូនៅក្នុងប្រទេសកម្ពុជា ភាគច្រើនផ្ដោតទៅលើអតិថិជនក្នុងស្រុក”៕