តម្លៃដីនៅតាមតំបន់ច្រកទ្វារអន្តរជាតិកម្ពុជា និងប្រទេសជិតខាងចាប់ផ្ដើមកើនឡើង

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង អ្នកជំនាញបានមើលឃើញថា បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះចាប់ផ្ដើមមានកំណើនឡើងខ្ពស់ ជាក់ស្ដែងច្រកទ្វារអន្តរជាតិសំខាន់ៗមួយចំនួន មានការកែប្រែតម្លៃដីធ្លីកាន់តែខ្ពស់ និងមានការទិញលក់ខ្លាំងជាងមុនផងដែរ។

លោករ៉ៃ ឬទ្ធីប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តឧត្តរមានជ័យបានឱ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី៦ មិថុនានេះថា ចាប់តាំងពីរដ្ឋាភិបាល បានបើកច្រកព្រំដែនថ្មីនៅតាមបណ្ដាខេត្តជាប់ព្រំដែនឃើញថា តម្លៃដីធ្លីបានហក់ឡើងមួយកម្រិតទៀត ។ ទន្ទឹមនឹងនោះដែរ ការទិញលក់ដីធ្លីនៅតាមព្រំដែនកម្ពុជានិងថៃ ក៏មានសកម្ម​ភាពល្អប្រសើរដែរ ដោយមានអ្នកវិនិយោគមួយចំនួន មកពីបណ្ដាខេត្តនានាចូលមកទិញដីធ្លីកាន់តែច្រើន ។

លោកបន្តថា “កាលពីមុនដីធ្លីនៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យជាពិសេសនៅជិតព្រំដែនថ្មីៗ មិនសូវមានការចាប់អារម្មណ៍ទេ ហើយតម្លៃត្រឹមតែ ៣០០០ដុល្លារទៅ៤០០០ដុល្លារ ក្នុងមួយហិចតា”។លោកបន្ត​ថា “មកដល់ពេលនេះតម្លៃដីធ្លី នៅតំបន់ដដែលនោះបានឡើងដល់៤ម៉ឺនដុល្លារអាមេរិកទៅ៥ម៉ឺនដុល្លារ អាមេរិកក្នុងមួយហិចតា ហើយមានអ្នកស្វែងរកទិញច្រើនទៀតផង”។

ភ្នាក់ងារអចលនទ្រព្យមួយលោកថា ថេង ប្រធានសាខានៃ ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះតំបន់ជិតព្រំដែនកម្ពុជាវៀតណាម ក្នុងខេត្តព្រៃវែង ក៏ឃើញមានការអភិវឌ្ឍដីធ្លីជាច្រើនទម្រង់ ក្នុងនោះមានដូចជាលំនៅឋាន បុរី ដីឡូត៏និងមានការអភិវឌ្ឍជាលំនៅឋានលំហែកាយ របស់ក្រុមហ៊ុនក្នុងស្រុកមួយផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងទៀតកក្នុងពេលខាងមុខនេះ ព្រៃវែងក៏នឹងទទួលបានការវិនិយោគបន្ថែមជាច្រើនទៀត ស្របពេលរាជរដ្ឋាភិបាល លោកបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែម ក្នុងនោះក៏មានគម្រោងអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិត រត់កាត់ខេត្តមួយនេះផងដែរ។

ដោយឡែកភ្នាក់ងារអចលនទ្រព្យមួយរូប ប្រចាំខេត្តកំពតក៏បានឱ្យដឹងថា តំបន់ព្រំដែនអន្តរជាតិកម្ពុជាវៀតណាម ឃើញថាតម្លៃដីធ្លីមានកំណើនខ្ពស់ ទោះក្នុងវិបត្តិកូវីដ១៩ក៏តម្លៃដីធ្លី នៅតាមតំបន់នោះមិនមានការថមថយលើតម្លៃដីដែរ ផ្ទុយទៅវិញក្រោយវិបត្តិកូវីដ១៩ តម្លៃដីធ្លីនៅតាមតំបន់មួយចំនួននៅព្រំដែន បានចាប់ផ្ដើមមានសកម្មភាព និងតម្លៃហក់ឡើងបន្តិចផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here