ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ចំនួនយូនីតខុនដូក្នុងរាជធានី-ភ្នំពេញ កើនដល់៣៣ ៨០០ យូនីត ខណៈតម្លៃជួល និងលក់របស់ខុនដូប្រណីត (High-End)បាននិងកំពុងមានសញ្ញាប្រសើរឡើងវិញបណ្តើរៗ ។
យោងតាមរបាយការណ៍ស្រាវជ្រាវ ពីក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញឲ្យដឹងកាលពីត្រីមាសទី១ ឆ្នាំ ២០២២ មានគម្រោងខុនដូចំនួន៣ បានបញ្ចប់ការសាងសង់ ដែលគម្រោងទាំង៣នេះមានបន្ទប់ស្នាក់នៅសរុប៧០០យូនីត។ ទោះយ៉ាងណាក្នុងអំឡុងពេលខាងលើមិនមានគម្រោងថ្មីណាមួយ ប្រកាសចាប់ផ្តើមបើកលក់ ឬសាងសង់ឡើយ។
របាយការណ៍ដដែលបានបង្ហាញថា ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលជំរុញឱ្យប្រទេសទាំងអស់ លើពិភពលោកធ្វើការរឹតបន្តឹងលើការធ្វើដំណើរឆ្លងប្រទេស បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងដំណំ ដល់ទីផ្សារខុនដូនៅកម្ពុជា ពិសេសខុនដូដែលមានទីផ្សារ គោលដៅជាអតិថិជនជនបរទេស។
តាមការព្យាករក្នុងឆ្នាំ២០២២ នេះនឹងមានបន្ទប់ខុនដូជាង១៣ ០០០ យូនីតនឹងត្រូវបញ្ចប់ការសាងសង់។
អ្នកនាង គឹម គិនកេសា នាយិកាផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងថា ទោះបីពេលនេះកម្ពុជា និងប្រទេសក្នុងតំបន់ បានប្រកាសបើកប្រទេសឡើងវិញស្ទើរ ១០០ ភាគរភាគរយហើយក៏ដោយ ក៏តម្លៃខុនដូមិនទាន់អាចស្ទុះងើបឡើងវិញបានភ្លាមៗទេ។ តម្លៃអាចនឹងមានភាពល្អប្រសើរឡើងវិញខ្លះ ចាប់ពីដើមឆ្នាំ២០២៣តទៅ។
អ្នកនាងបន្តទៀតថា សម្រាប់ចំនួនគម្រោង ដែលប្រកាសបើកលក់នឹងមិនសូវមានទេក្នុងឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodiaបានលើកឡើងថា ដោយសារវិបត្តិបានធ្វើឲ្យអ្នកសាងសង់ខុនដូ បានធ្វើពិពិធម្មទីផ្សារ ដោយពួកគាត់ងាកមកផ្តោតលើអតិថិជនក្នុងស្រុក ដែលប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបានចាប់អារម្មណ៍ និងទិញខុនដូសម្រាប់ស្នាក់នៅ។
លោកបន្តថា “ការលក់ខុនដូបាន និងកំពុងមានភាពប្រសើរឡើងវិញ ប៉ុន្តែតម្រូវការភាគច្រើន គឺខុនដូដែលមានតម្លៃមធ្យម”៕