ដោយៈ លក្ខិណា
ភ្នំពេញៈ កំណាត់ផ្លូវបេតុងអាមេមួយខ្សែ ដែលមានប្រវែងជាង៦គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះឬផ្លូវកប់ស្រូវ រហូតដល់ផ្លូវលេខ៤២ ដែលសុទ្ធតែផ្លូវសំខាន់ ត្រូវបានសាលារាជធានីភ្នំពេញ ប្រកាសឱ្យពលរដ្ឋប្រើប្រាស់ជាផ្លូវការ។
កំណាត់ផ្លូវនេះ នឹងជំរុញឱ្យតម្លៃដីធ្លី នៅតំបន់នោះមានសន្ទុះមួយកម្រិតទៀត។
ក្នុងពិធីសម្ពោធផ្លូវនេះកាលពីព្រឹកថ្ងៃទី១ មិថុនា ២០២២ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា កំណាត់ផ្លូវមួយខ្សែនេះ ពីដើមឡើយ ជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោហ៊ុន សែន បានសម្រេចអោយមានការស្ថាបនាឡើងជាបន្តបន្ទាប់ ហើយចុងក្រោយនេះ បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងបរិបទជម្ងឺកូវីដ-១៩ក៏ដោយ កំណាត់ផ្លូវនេះត្រូវបានសម្តេចតេជោហ៊ុន សែន សម្រេចអោយស្ថាបនាថ្មីឡើងវិញ ជាមួយនឹងការពង្រឹកផ្លូវអោយកាន់តែធំទូលាយជាងមុនទៀតផង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែតថា កំណាត់ផ្លូវលេខ១០៨០នេះ លានសន្ធឹងចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់ផ្លូវលេខ៤២ ដោយឆ្លងកាត់សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ សង្កាត់ស្នោ ខណ្ឌកំបូលនិងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានប្រវែង៦៤៩០ម៉ែត្រ ទទឹង១២ម៉ែត្រ ចាក់មេតុងតំរាស់២០សង់ទីម៉ែត្រ ដាក់លូ១ម៉ែត្រសងខាង និងតំឡើងបង្គោលភ្លើងសងខាងផ្លូវផងដែរ។
លោកបន្តថា កំណាត់ផ្លូវនេះពីមុន មានទទឹងត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ ប៉ន្តែពេលនេះបានពង្រីកដល់១២ម៉ែត្រ ដែលវានឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរ តភ្ជាប់ពីតំបន់លំដ្ឋានមកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យនិងវិថីបំរើអោយវិស័យទេសចរណ៍ និងការដឹកជញ្ជូនផលិតផលមកផ្គត់ផ្គង់រាជធានីភ្នំពេញ។
លោកបន្តថា ម្យ៉ាងវិញទៀតផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវ Express Way ភ្នំពេញ -ក្រុងព្រះសីហនុ ឬក៏តភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំប្រសិទ្ឋ ជាតំបន់ទេសចរ និងជាផ្លូវតភ្ជាប់ទៅផ្លូវលេខ៥១ រួចបែងចែកចរាចរទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹងនិងផ្សារផ្លូវជាតិលេខ៥ ត្រង់ឧត្តុង។ កំណាត់ផ្លូវលេខ១០៨០ បានប្រើប្រាស់ពេលសាងសង់ចំនួន៥ខែ ដោយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១កញ្ញា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី០១កុម្ភៈឆ្នាំ២០២ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុធ្លាប់បានលើកឡើងថា ការអភិវឌ្ឍត្រូវបានរីកដាលនៅជុំវិញក្រុងទៅហើយ តែតំបន់ប៉ែកខាងលិចរាជធានី ក៏ឃើញថាមានការរីកចម្រើនគួរសមនិងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន។
លោកបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន និងល្អស្អាត នឹងជំរុញឱ្យមានមនុស្សទៅរស់នៅកាន់តែច្រើន ហើយនឹងអាចជំរុញឱ្យតម្លៃដីធ្លីមានសន្ទុះមួយកម្រិតទៀតផងដែរ”។ លោកបន្តថា “ជាក់ស្ដែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា កាលពេលកន្លងមក ពិតជាបានផ្ដល់សក្ដានុពលដល់វិស័យដីធ្លីជាបន្តបន្ទាប់៕