ជប៉ុនបោះទុនវិនិយោគដល់ទៅ ៧២ពាន់លានដុល្លារលើគម្រោងផ្លូវដែកល្បឿនលឿន

ដោយៈសុខុម

តូក្យូ: ប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោកបន្ទាប់មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតលេខ២ បានបោះទុនវិនិយោ​គរហូតដល់ទៅ៧២ពាន់លានដុល្លារអាមេរិក លើគម្រោងផ្លូវដែកល្បឿនលឿន Chuo Shinkansen។

យោងតាមសារព័តមាន CNN ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែឧសភាបានឱ្យដឹងថា ការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឡើង ក្រោយពីចំណាយពេលជាង៤០ឆ្នាំ នៅក្នុងការអភិវឌ្ឍរថភ្លើងល្បឿនលឿន (Maglev) ដែលអាចរត់បានក្នុងល្បឿន អតិបរមា៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។

គម្រោងផ្លូវដែកល្បឿនលឿន ប្រវែង២៨៦គីឡូម៉ែត្រនេះ នឹងជួយកាត់បន្ថយពេលធ្វើដំណើរបានច្រើនគួរឱ្យភ្ញាក់ផ្អើល ដោយការធ្វើដំណើរពីទីក្រុងតូក្យូ ឆ្ពោះទៅទីក្រុង Nagoya គឺចំណាយពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ។ ហើយនៅទីបំផុតការធ្វើដំណើរពីក្រុងតូក្យូ ឆ្ពោះទៅក្រុង Osaka ក្នុងចម្ងាយផ្លូវប្រមាណ៥០០គីឡូម៉ែត្រ នឹងត្រូវប្រើពេលត្រឹមតែ៦៧នាទីប៉ុណ្ណោះ។

ការកសាងគម្រោងផ្លូវដែកនេះ បានចាប់ផ្ដើមក្នុងឆ្នាំ២០១៤ ហើយដំបូងឡើយគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៧ ប៉ុន្តែដោយ​សារមានបញ្ហា ក្នុងការទទួលបានការអនុញ្ញាត សម្រាប់កសាងមួយកំណាត់នៃផ្លូវដែកល្បឿនលឿននេះ បានធ្វើឱ្យកាលបរិច្ឆេទ សម្ពោធដាក់ឱ្យប្រើប្រា​ស់​ជាផ្លូវការ ស្ថិតក្នុងភាពស្រពេចស្រពិលរហូតមកទល់ពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការពន្យារពេល និងការកើនឡើងខ្លាំងនូវការចំណាយ ក្នុងគម្រោងនេះបានធ្វើឱ្យមជ្ឈដ្ឋានមហាជន ចោទសួរអំពីតម្លៃសេដ្ឋកិច្ច ដែលគម្រោងនេះនឹងផ្ដល់ឱ្យត្រលប់មកវិញ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here