ខុនដូបន្តផ្ដល់ឱកាសដល់វិនិយោគិនក្នុងស្រុក ស្វែងរកប្រាក់ចំណេញនៅពេលអនាគត

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មកទល់នឹងបច្ចុប្បន្ននេះ លំហូរវិនិយោគិនបរទេសចូលមកកម្ពុជាបន្តមានចំនួនតិចនៅឡើយ ធៀបនឹងឆ្នាំមុនមានវិបត្តិកូវីដ១៩ ដូច្នេះរាល់សកម្មភាពវិនិយោគនានា ត្រូវពឹងលើវិនិយោគិនក្នុងស្រុកភាគច្រើន។
ខុនដូក៏ជាផ្នែកមួយ ដែលត្រូវពឹងលើវិនិយោគិនក្នុងស្រុក ហើយអ្នកវិនិយោគក្នុងស្រុក ក៏អាចឆក់ឱកាសនេះ ស្វែងរកប្រាក់ចំណេញនៅពេលអនាគតដែរ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ទីផ្សារខុនដូក្នុងឆ្នាំ២០២០ និងឆ្នាំ ២០២១កន្លង ទៅគឺបានរងផលប៉ះពាល់មួយចំនួន ហើយបន្តប៉ះពាល់ដល់ឆ្នាំ២០២២នេះ ។ ការប៉ះពាល់ទៅលើទីផ្សារខុនដូនេះដែរ បានធ្វើឱ្យតម្លៃខុនដូមួយចំនួន បានធ្លាក់ចុះដោយខុនដូកម្រិតខ្ពស់ បានធ្លាក់មកនៅក្នុងតម្លៃលក់នៃខុនដូកម្រិតមធ្យមក៏មាន ដូច្នេះទើបធ្វើឱ្យវិនិយោគិនក្នុងស្រុកជាអ្នកទិញខុនដូជំនួសជនបរទេស។

អ្នកនាងបន្តថា “តាមការសិក្សារបស់ក្រុមហ៊ុន CBRE បានបង្ហាញថា ទីផ្សារខុនដូ បន្តមានបញ្ហានៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២នេះ ដែលធ្វើឱ្យការផ្គត់ផ្គង់ខុនដូ មានដំណើរការយឺតយ៉ាវ។ ដូច្នេះមិនថាអ្នកទិញនិងអភិវឌ្ឍន៍ខុនដូគឺភាគច្រើនជាជនជាតិខ្មែរ”។

ចំណែកលោក រិន ច័ន្ទរឹទ្ធ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ DNZ Realty ក៏បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០២០និង២០២១ កន្លងទៅអ្នកទិញខុនដូភាគច្រើនជាជនជាតិខ្មែរ ជាអ្នកក្នុងស្រុក ដូច្នេះហើយអ្នកដែលមានលទ្ធភាពទិញខុនដូ ក៏ទិញរួចហើយកាលពីអំឡុងពេលនោះ ទើបមកដល់ឆ្នាំ២០២២នេះ ទីផ្សារខុនដូហាក់មានភាពពិបាកជាង កាលពីឆ្នាំ២០២០និងឆ្នាំ ២០២១ទៅទៀត ពីព្រោះតែអ្នកក្នុងស្រុកមានលទ្ធភាពបានទិញរួច និងមិនទាន់មានជនបរទេសចូលមកកម្ពុជាច្រើននៅឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ថ្វីត្បិតតែសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មមួយចំនួនក្នុងប្រទេសកម្ពុជាបានងើបឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសក្ដីតែភ្លាមៗអាជីវករ ដែលរកចំណូលត្រលប់មកវិញក៏មិនទាន់យកទៅបណ្ដាក់ទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ដូចជា ការទិញខុនដូនៅឡើយទេ ពួកគាត់ត្រូវការប្រាក់ចំណូលមួយចំនួន សម្រាប់ផ្គត់ផ្គង់ឬទប់ទល់នឹងស្ថានភាពគ្រួសារសិន ។

យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យខុនដូមួយទៀត គឺលោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានបង្ហាញថា ទីផ្សារខុនដូកម្ពុជាបានចាប់ផ្ដើមកម្រើកឡើងវិញហើយ ហើយវានឹងកម្រើកឡើងបន្ថែមទៀត នាពេលអនាគតឆាប់ៗនេះ ជាមួយនឹងកំណើនអ្នកទិញជាជនជាតិខ្មែរ និងការហូរចូលមកវិញនៃវិនិយោគិនបរទេសមកកាន់កម្ពុជា។

លោកបន្តថា “ប្រជាពលរដ្ឋកម្ពុជា នឹងមាននិន្នាការផ្លាស់ទៅរស់នៅក្នុងខុនដូកាន់តែច្រើន។ ជាក់ស្ដែង ប្រទេសជិតខាងស្រាប់ ពីមុនអ្នករស់នៅខុនដូជាជនជាតិបរទេស តែក្រោយមកក៏ផ្លាស់ មកជាអ្នកក្នុងស្រុកច្រើនទៅវិញ ”។

យោងតាមការសិក្សារបស់ CBRE បង្ហាញថា ក្នុងឆ្នាំ២០២២រយៈពេល១ត្រីមាសដំបូង ចំនួននៃការផ្គត់ផ្គង់ខុនដូ នៅមានតិចតួចនៅឡើយ ធៀបនឹងធ្វីដែលក្រុមហ៊ុនអភិវឌ្ឍន៍បាននិងកំពុងធ្វើ ហើយចំនួននេះនឹងអាចមានកំណើនឡើងវិញ នៅពេលវិបត្តិកូវីដ១៩ បានធូរស្រាលជាសកល និង ការបញ្ចប់នៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here