ដោយៈសុខុម
ប៉េកាំង: ធនាគារកណ្ដាលដែលជានិយតករហិរញ្ញវត្ថុ នៃប្រទេសចិន បានប្ដេជ្ញារក្សាស្ថិរភាពកំណើន ប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យ និងជួយអ្នកទិញផ្ទះ ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ពន្យារពេលទូទាត់ប្រាក់កម្ចីទិញផ្ទះរបស់ពួកគេ។
ធនាគារកណ្តាលចិន (PBOC) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ថា ផ្អែកតាមទិន្នន័យផ្លូវការបានបង្ហាញ កាលពីដើមខែនេះថា កំណើនប្រាក់កម្ចីជាលុយយ័ន បានធ្លាក់ចុះយ៉ាងគំហុកកាលពីខែមេសា ខណៈវិបត្តិកូវីដ-១៩ បានជះផលប៉ះពាល់យ៉ាងខ្លាំង មកលើសេដ្ឋកិច្ច ហើយបានធ្វើឱ្យតម្រូវការប្រាក់កម្ចីដាំក្បាលចុះ។
ប្រាក់កម្ចីគេហដ្ឋានរួមទាំងកម្ចីទិញផ្ទះផង បានធ្លាក់ចុះរហូតដល់ទៅ២១៧ពាន់លានយ័ន (៣២,៦ពាន់លានដុល្លារអាមេរិក) ដោយធ្វើឱ្យប៉ះពាល់ខ្លាំងដល់ទីផ្សារអចលនទ្រព្យ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
វិស័យអចលនទ្រព្យ ដែលបានចុះខ្សោយ ដោយសារវិធានការរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការទប់ស្កាត់ការខ្ចីប្រាក់ច្រើនហួសហេតុកាលពីឆ្នាំមុន មានសន្ទុះយឺតនៅឡើយ ទោះបីជារដ្ឋអំណាចថ្នាក់មូលដ្ឋាននៅឆ្នាំ២០២២ នេះបានប្រឹងប្រែងចាត់វិធានការជំរុញតម្រូវការ តាមរយៈការបញ្ចុះអត្រាការប្រាក់លើកម្ចីទិញផ្ទះ ការបង់ប្រាក់មុន (Down Payment) តិចជាងមុនសម្រាប់ការបង់រំលស់ និងការឧបត្ថម្ភធនជាដើមយ៉ាងណាក្ដី។
ធនាគារកណ្ដាលចិន បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ដែលបង្ហោះលើគេហទំព័ររបស់ខ្លួនថា ខ្លួននឹងប្រើប្រាស់ឧបករណ៍ផ្សេងៗ ដើម្បីបង្កើនប្រាក់កម្ចីសមស្រប និងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។
ធនាគារនេះ នឹងជួយក្រុមហ៊ុនតូចៗ អាជីវកម្មតាមផ្ទះ និងតៃកុងរថយន្តដឹកទំនិញ ក៏ដូចជា អ្នកទិញផ្ទះ និងប្រជាជនដែលរងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារវិធានការទប់ស្កាត់ការរីករាល វីរុសកូវីដ-១៩ ពន្យារពេលបង់ប្រាក់កម្ចីទិញផ្ទះ និងប្រាក់កម្ចីផ្សេងៗទៀតផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ធនាគារកណ្ដាលចិន បាននិយាយថា ខ្លួននឹងណែនាំឱ្យស្ថាប័នហិរញ្ញវត្ថុនានាចូលរួម ដើម្បីជួយបង្កើនការផ្តល់ប្រាក់កម្ចី ជាមួយនឹងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច៕ Reuters៕