នាយករដ្ឋមន្រ្តីឥណ្ឌា៖ គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ នឹងតភ្ជាប់មកកម្ពុជានាពេលមុខនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-គង្គានឹងតភ្ជាប់មកកម្ពុជានាពេលខាងមុខនេះ ហើយឥណ្ឌានឹងផ្ដល់នូវឥណទានចំនួន១ពាន់លានដុល្លារដល់ប្រទេសកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការនេះ។

នេះបើតាមប្រសាសន៍លោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ លោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានគូសបញ្ជាក់ពាក់ព័ន្ធនឹងគម្រោងផ្លូវហាយវេត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលបន្តខ្សែភ្ជាប់មកប្រទេសកម្ពុជាផងដែរ។ លោកបានបន្ថែមថា នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់បន្ថែមថា ឥណ្ឌានឹងផ្ដល់នូវឥណទានចំនួន១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជាបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ចំពោះជំនួយដែលប្រទេសឥណ្ឌា បានផ្ដល់ឱ្យកម្ពុជា តាមរយៈគម្រោងទទួលផលឆាប់​រហ័សក្រោម​គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍជនបទ ការលើកកម្ពស់សិទ្ធិស្ត្រី និងវប្បធម៌។ ​សម្ដេចតេជោ ស្នើសុំឱ្យឥណ្ឌាបន្តការគាំទ្រសំណើគម្រោងឆាប់ទទួលបានផលរបស់កម្ពុជាបន្ថែមទៀត ដល់បណ្ដាឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here