វិនិយោគិនចិននៅបន្តឈរលេខរៀងទី១លើការវិនិយោគវិស័យចលនទ្រព្យក្នុងប្រទេសកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យការវិនិយោគរបស់ចិនលើវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ប៉ុន្តែយ៉ាងណាក្តី ការវិនិយោគរបស់ចិន នៅតែឈរនៅលេខរៀងទី១ នៃការវិនិយោគសរុបក្នុងប្រទេសកម្ពុជា។​

អ្នកជំនាញថា វិស័យអចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាព នៃការវិនិយោគរបស់ចិនសាជាថ្មី បន្ទាប់ពីកម្ពុជាគ្រប់គ្រងនូវស្ថានភាពកូវីដ-១៩បានល្អប្រសើរ ហើយដំណើរការសង្គមសេដ្ឋកិច្ចវិលទៅរកប្រក្រតីឡើងវិញ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA) បានឱ្យដឹងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះថា វិនិយោគិនចិន អាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគ​លើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែម នៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសក្តានុពលមួយចំនួនផ្សេងទៀត។ តាមការព្យាករណ៍ អាចនឹងមានគម្រោងវិនិយោគច្រើននៅចុងឆ្នាំនេះ ដោយសារស្ថានភាពជំងឺកូវីដ១៩នៅប្រទេសចិន នៅមិនទាន់មានភាពល្អប្រសើរខ្លាំង​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា “បើមើលពីស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសចិនវិញ ទោះបីជាមានស្ថានភាពល្អប្រសើរច្រើន តែយ៉ាងណាក៏ដោយ ប្រទេសចិនមិនទាន់ប្រកាសបើកដំណើរការសេដ្ឋកិច្ចឡើងវិញទាំងស្រុង ដូចនៅប្រទេសកម្ពុជាយើងនោះទេ ជាហេតុនាំឱ្យវិនិយោគិនចិនមួយចំនួន នៅរងចាំមើលស្ថានភាពបន្តិចទៀតសិន​”។

លោកបន្តថា “យ៉ាងណាក៏ដោយ កម្ពុជានៅតែអាចទាក់ទាញបាននូវការវិនិយោគបន្ថែម ពីប្រទេសជាច្រើន ដែលជាដៃគូវិនិយោគស្រាប់របស់ខ្លួន ដោយមិនរំពឹងតែទីផ្សារវិនិយោគពីប្រទេសចិន”។

លោកបានគូសបញ្ជាក់ថា បើយើងក្រឡេកមើលពីស្ថានភាពទិញលក់អចលនទ្រព្យ នៅក្នុងទីផ្សារក្នុងស្រុកយើងវិញ ស្ថានភាពទិញលក់បាននិងកំពុងងើបឡើងវិញជាបណ្ដើរៗហើយ។ ជាក់ស្តែង ការទិញលក់ដីឡូត៍ បុរី និងខុនដូជាដើម ដែលសកម្មភាពទិញលក់ទាំងនេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក។

លោកស្រី Catherine Chan ស្ថាបនិក និងជានាយប្រតិបត្តិនៃគម្រោងខុនដូ Urban Village &Factory Phnom Penh បានលើកឡើងថា ដោយសារការសម្រេចបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស ពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យស្ថានភាពវិស័យសំណង់ខុនដូក្នុងទីផ្សារកម្ពុជា ហាក់មានសកម្មភាពកម្រើកឡើងវិញ ដែលជាឱកាសល្អសម្រាប់វិនិយោគិនបរទេស និងក្នុងស្រុក អាចសម្លឹងមើលឱកាស វិនិយោគក្នុងឧស្សាហ៍កម្មនេះជាបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here